ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមគ្នា ៤នាក់ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាព គាស់ផ្ទះយកម៉ូតូ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង ៣០នាទី ចំណុចផ្ទះជួលជនរងគ្រោះ ឈ្មោះ គង់ កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន ៖
១-ឈ្មោះ អ៊ឹម ដារ៉ា ហៅយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាម្ចាស់ទីតាំង ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើក និងមណ្ឌលបន្សាបសារធាតុញៀនចំនួន០១លើក
-លើកទី១: ករណី ប្លន់ រយៈពេល០៥ឆ្នាំ(២០០៣ ខេត្តកណ្តាល)
-លើកទី២: ករណី រំលោភលើទំនុកចិត្ត រយៈពេល០៦ខែ(២០១៦ ខេត្តកណ្តាល)
-លើកទី៣: ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល០២ឆ្នាំ ០៦ខែ(២០១៩ ខេត្តកណ្តាល)
-មណ្ឌលបន្សាបសារធាតុញៀន៣ខែ(២០២៣ ឱកាសខ្ញុំ)។
២-ឈ្មោះ ឌិន រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិត្នោតម្តើម ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារ០៣លើក
-លើកទី១: ករណី រំលោភលើទំនុកចិត្ត រយៈពេល០៨ខែ(២០០៣ ខេត្តកណ្តាល)
-លើកទី២: ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល០២ឆ្នាំ(២០១៤ ខេត្តកណ្តាល)
-លើកទី៣: ករណី ហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រយៈពេល០៣ឆ្នាំ(២០១៧ ខេត្តកណ្តាល)។
ចំណែកជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួន មានឈ្មោះ អេតចាយ ភេទប្រុស នៅម្តុំរ៉ារទេះភ្លើង ភ្នំពេញ និងឈ្មោះ ណង ភេទប្រុស នៅម្តុំរ៉ារទេះភ្លើង ភ្នំពេញ(គេចខ្លួន)។
ក្នុងនោះសមត្ថកិច្ច ចាប់យក វត្ថុតាងរួមមាន ៖
១-ម៉ូតូមួយគ្រឿងម៉ាកហុងដា ប៊ីត ពណ៌ខៀវ-ស ឆ្នាំ២០២២ លេខតួ9086087 លេខម៉ាស៊ីន9041479 ពាក់ ផ្លាកលេខ ភ្នំពេញ 1 JL-6490 (របស់ជនរងគ្រោះ យកបានមកវិញ)។
២-កុំព្យូទ័រលើតុ ចំនួន០១ឈុត(របស់ជនរងគ្រោះ យកបានមកវិញ)។
៣-ផាសអេបចំនួន០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HU-9684 (ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព)។
៤-ទូរសព្ទដៃចំនួន០២គ្រឿង ម៉ាកវីវ៉ូ V19 ពណ៌ខៀវចំនួន០១ ម៉ាក អិនចុចពិល12.80ពណ៌ខ្មៅ០១គ្រឿង និងដុំសាកថ្មទូរសព្ទចំនួន០១ ។
៥-ផ្លាកលេខម៉ូតូចំនួន០៧សន្លឹក: រដ្ឋ៣១ 1-0044, ភ្នំពេញ1CM-2872, ភ្នំពេញ1DO-6643, ភ្នំពេញ1CN-2528, ប.មានជ័យ1V-7712, កណ្តាល1G-8644, កំពង់ចាម1F-5084
៦-ផ្លាកលេខផាសអេបចំនួន០៣សន្លឹក: ភ្នំពេញ1IB-5874, ភ្នំពេញ1HZ-6685, ភ្នំពេញ1HR-2310 ។
៧-ដាវដែកកែច្នៃ០១ដើមប្រវែង១ម៉ែត្រ, សោសម្រាប់ដោះគ្រឿងខ្ចៅចំនួន១០, ដែកកាប់ដងជ័រចំនួន០១, កូនកាំបិតចំនួន០១, ទល់ឡឺវីសចំនួន០៤, កញ្ចក់ម៉ូតូចំនួន០២គូរ, បំពង់សុីមាំងម៉ូតូចំនួន០១, កាងម៉ូតូចំនួន០១,ចង្អើម៉ូតូចំនួន០១ និងក្បាំងម៉ូតូចំនួន០២ ។
រីឯសម្ភារៈបាត់បង់៖
១-ម៉ូតូមួយគ្រឿងម៉ាកហុងដា ប៊ីត ពណ៌ខៀវ-ស ឆ្នាំ២០២២ លេខតួ9086087 លេខម៉ាស៊ីន9041479 ពាក់ ផ្លាកលេខ ភ្នំពេញ 1JL -6490 (របស់ជនរងគ្រោះ យកបានមកវិញ)។
២-កុំព្យូទ័រលើកតុ ចំនួន០១ឈុត(របស់ជនរងគ្រោះ យកបានមកវិញ តែបាត់ស្លាកលេខ)។
មុនពេលកើតហេតុថ្ងៃទី១៩.០៨.២០២៣ វេលាម៉ោងប្រហែល០១រសៀលជនរងគ្រោះ បានយកម៉ូតូរបស់ខ្លួនបញ្ចូលទុកក្នុងផ្ទះហើយជនរងគ្រោះនិងបងប្រុស ក៏ចាក់សោទ្វារផ្ទះហើយនាំគ្នាចេញទៅដើរលេងនៅភ្នំេពញ ។ លុះដល់ថ្ងៃទី២០ ខែឆ្នាំដដែល វេលាម៉ោង៩និង៣០នាទី បងប្រុសរបស់ជនរងគ្រោះមកដល់ផ្ទះ ស្រាប់តែឃើញទ្វារផ្ទះចំហររួចចូលទៅពិនិត្យមើលក្នុងផ្ទះក៏ដឹងថាបាត់ម៉ូតូជនរងគ្រោះ ហើយក៏សុំអនុញ្ញាតអ្នកជិតខាងឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញមានជនសង្ស័យចំនួន០២នាក់ជិះផាសអេប ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HU-9684 មកឈប់ខាងមុខផ្ទះរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យទាំង០២នាក់បានដើរចូលទៅធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់ជនរងគ្រោះ រួចយកម៉ូតូជិះគេចខ្លួនបាត់ទៅ។
បន្ទាប់មកដោយម៉ូតូរបស់ជនរងគ្រោះមានដាក់ប្រព័ន្ធGPS ទើបរាយការណ៍ទៅកម្លាំងប៉ុស្ដិ៍នគរបាលដំណាក់អំពិល ហើយឆែកតាមប្រព័ន្ធGPS ក៏ឃើញបញ្ជាក់ទីតាំងនៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លុះដល់នៅថ្ងៃទី២០.០៨.២០២៣ វេលាម៉ោង១៣ និង៤៩នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញានៃអម្យាការអមសាលាដំបូងខេត្តកណ្តាល បានឯកភាពឱ្យធ្វើការឆែកឆេរ ទើបកម្លាំងផ្នែកជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល កម្លាំងប៉ុស្តិ៍បែកចាន និងចូលរួមជាមួយក្រុមប្រឹក្សាឃុំ មេភូមិ បានចុះទៅដល់ទីតាំងតាមប្រព័ព្ធGPSនោះជាផ្ទះរបស់ជនសង្ស័យ ឈ្មោះ អុឹម ដារ៉ា ហៅយ៉ា ហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមជាមួយវត្ថុតាងមួយចំនួន ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនាំបន្តតាម និតិវិធីច្បាប់។
ជនសង្ស័យឈ្មោះ អ៊ឹម ដារ៉ា ហៅយ៉ា ជាម្ចាស់ទីតាំង បានឆ្លើយសារភាពថាបក្ខពួកខ្លួន ឈ្មោះឌិន រដ្ឋា ឈ្មោះអេតចាយ និងឈ្មោះណង តែងតែធ្វើសកម្មភាពគាស់ផ្ទះលួចយកសម្ភារៈ និងម៉ូតូរបស់គេជាច្រើនលើកហើយយកមករក្សាទុកនៅផ្ទះរបស់ខ្លួន រួចលក់យកលុយចែកគ្នា និងទិញគ្រឿងញៀនដើម្បីប្រើប្រាស់ ។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕