ខេត្តកណ្តាល៖ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន ៦ នាក់ ដែលប្រឆាំងនឹងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ដោយប្រមូលម្តុំគ្នា ផឹកស៊ី ទូលឆ័ត្រ ទាំងកំពុងភ្លៀងខ្លាំង កាលពីនៅវេលាម៉ោង ៥និង៣០នាទី ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ភូមិព្រែកសំរោង ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មនុស្សប្រុសស្រីទាំង ៦ នាក់នេះ ត្រូវបានឃាត់ខ្លួន និងរកឃើញវត្ថុតាង ស្រាបៀរកម្ពុជា ចំនួន ១២ កំប៉ុង តុជ័រ១ កែវចំនួន២ ឆ័ត្រចំនួន១ និង សំបកកំប៉ុងផឹករួច ចំនួន ២៤ សំបក ។
សមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងតាខ្មៅ បានអោយដឹងថា មុនពេលឃាត់ខ្លួន គឺមានប្រជាពលរដ្ឋ នៅក្បែរនោះ បានរាយការណ៍ មកសមត្ថកិច្ច ថាមានអ្នកជួលផ្ទះ នៅភូមិព្រែកសំរោង ៣ បាននាំគ្នាផឹកស៊ី នៅខាងមុខផ្ទះជួល របស់ឈ្មោះ ម៉ៅ ដោយពេលនោះ មេឃកំពុងភ្លៀងខ្លាំង បានដាក់ឆ័ត្រផឹកស៊ី។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល និងក្រុងតាខ្មៅ បានចុះឃាត់ខ្លួនភ្លាមៗ និង កសាងសំណុំរឿង តាមនីតិវិធីច្បាប់ ដោយបញ្ជូនទៅតុលាការ ៕