ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ជុំវិញករណីហិង្សានៅខណ្ឌពោធិ៍សែនជ័យ កុំឲ្យមានការភ័ន្ត ថាហេតការណ៍នេះទើបតែកើតឡើងថ្មីៗ ខណៈសមត្ថកិច្ចក៏ឃាត់ខ្លួនបាន ៤នាក់ហើយ
សន្តិសុខសង្គម
395

រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញនូវ សេចក្តីបំភ្លឺ ជូនសាធារណៈជន កុំឲ្យមានការភ័ន្តច្រឡំជុំវិញការបង្ហោះរូបភាពវីដេអូ១ឃ្លីប ករណីហិង្សា១កន្លែង នៅខណ្ឌពោធិ៍សែនជ័យ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា

នៅប៉ុន្មានម៉ោងចុងក្រោយនេះនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ពិនិត្យឃើញមានអ្នកលេងបណ្តាញព័ត៌មានសង្គមមួយចំនួន បានយករូបភាពតាមកាមេរ៉ាសុវត្ថិភាព០១ឃ្លីប មកបង្ហោះស៊ែរចែករំលែកតគ្នាៗលើករណីហិង្សា០១ បានកើតឡើងរវាងក្រុមក្មេងទំនើង២ក្រុម បានវាយកាប់គ្នាប្រើប្រាស់ដំបង កាំបិតបុ័ងតោ នៅចំណុចខាងមុខផ្ទះសំណាក់៣$ ទល់មុខផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

ករណីហិង្សានេះបានបង្កឱ្យមានអ្នករងរបួស២នាក់ ៖

ទី១៖ បុរសម្នាក់ជាប្រជាការពារ ត្រូវបានក្រុមជនបង្កកាប់ត្រូវបណ្តាលឱ្យរងបួសខណៈជនរងគ្រោះទៅឃាត់ក្រុមក្មេងទំនើងកំពុងឈ្លោះគ្នា ដោយឡែកអ្នករងរបួសទី២៖ ជាក្មេងទំនើងបក្ខពួកក្រុមជនបង្កដែលត្រូវបានបក្ខពួករបស់ខ្លួនកាប់ត្រូវដាច់ម្រាមដៃ០៣ ដោយសារតែកាប់គូរសត្រូវខុសបែរមកត្រូវគ្នាឯង។

ចំពោះករណីហិង្សាខាងលើក៏សូមបញ្ជាក់ថា៖ ក្រោយកើតហេតុនោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរង ទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឧត្តមសេនីយ៍ទោ ហេង រតនា និងលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ វរសេនីយ៍ឯក ម៉ន វុទ្ធី ដើម្បីដឹកនាំកម្លាំងស្រាវជ្រាវបង្រ្កាប។

បន្ទាប់មកជនសង្ស័យចំនួន០៤នាក់ត្រូវបានឃាត់ខ្លួនជាបន្ទាប់ ហើយក៏បានកសាងសំណុំរឿងចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ។

ការបកស្រាយបំភ្លឺជូនសាធារណៈជន គឺដើម្បីកុំឱ្យមានការភាន់ច្រឡំថាហេតការណ៍នេះទើបតែកើតឡើងថ្មីៗ។

ការពិតករណីនេះដែលភ្ជាប់មកជាមួយរូបភាពកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បង្រ្កាបបានជនបង្ក០៤នាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ មកម្លេះ។ខ្លឹមសារដូចបានបញ្ជាក់ជូនខាងលើសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕


Telegram