រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបជាបន្ដបន្ទាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់ទូកុងទីន័រ) នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ៧នាក់ ។
គួរបញ្ជាក់ថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអនុសេនីឯក ឆាន់ គឹមលី បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលស្រុកកណ្តាលត្រាំកក់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៣ វេលាប្រហែលម៉ោង ២រំលងអាធ្រាត មានជនសង្ស័យមួយក្រុម (មើលតាមកាមេរាសុវត្ថិភាព) បានធ្វើសកម្មភាពគាស់ទំលុះទម្លាយកុងតឺន័រ ដែលចតទុកនៅក្នុងឃ្លាំងស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លួចយកខ្សែភ្លើងបង្គុំតប្រព័ន្ធភ្លើងរថយន្ត ហើយគេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវនិងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។ លុះនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ រួមមាន ៖
១.ឈ្មោះ នួន ឈុនលាង ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ។
២.ឈ្មោះ សែ គន្ធា ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ។
៣.ឈ្មោះ សុខ វណ្ណា ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ។
៤.ឈ្មោះ អែម សំអុល ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ។
៥.ឈ្មោះ ហេង ប៊ុនស ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ។
៦.ឈ្មោះ ញ៉ាញ់ សន ភេទ ស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ។(ទទួលផលចោរកម្ម)
៧.ឈ្មោះ យ៉ិច ពេជ្យ ភេទ ស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ។(ទទួលផលចោរកម្ម)
ពេលនេះ ជនសង្ស័យខាងលើ ត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមច្បាប់ ៕