ខេត្តកំពង់ស្ពឺ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤និង១០នាទី កម្លាំងនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដោយមានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបង្ក្រាបនៅគោលទី១ នៅចំណុចលើផ្លូវល្បឿនលឿន គីឡូម៉េតលេខ៩៣ ភូមិទី៦ ឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងគោលដៅទី២ នៅត្រង់ចំណុច ផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ទៅចូលរួមសហការដោយទទួលយកជនសង្ស័យ និងវត្ថុតាងមកអង្គភាពដើម្បីស្រាវជ្រាវបន្ត និងកសាងសំណុំរឿងតាមនីតិវិធី។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ០៥នាក់
១-ឈ្មោះ KUANG ZUXIAN ភេទស្រី ជនជាតិចិន កំណើតៈ ០៩ កញ្ញា ១៩៩៧
២-ឈ្មោះ សឿន សៅរិ៍ណារិទ្ធ(SOEUN SAONARITH) ភេទប្រុស ជនជាតិខ្មែរ កំណើតៈ ២២ ធ្នូ ១៩៩០
៣-ឈ្មោះ ហែម សំណាង (HEM SAMNANG) ភេទប្រុស ជនជាតិខ្មែរ កំណើតៈ ១៥ មេសា ១៩៨១
៤-ឈ្មោះ YAO XIPING ភេទប្រុស ជនជាតិចិន កំណើតៈ ១៥ សីហា ១៩៩៥
៥-ឈ្មោះ LI XU ភេទប្រុស ជនជាតិចិន កំណើតៈ ០៤ ឧសភា ១៩៩១។
ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាងរួមមាន ៖ សរុបរួមសារធាតុញៀនទម្ងន់ ៤គីឡូ ៦.៩៧ក្រាម, រុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម, អាវុធខ្លីចំនួន ១ដើម។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធី៕