ជនសង្ស័យជាជនបរទេស ដែលពូកែខាងបន្លំលួចលុយ តាមទីតាំងវីង និងកន្លែងលក់ដូរផ្សេង ជាច្រើនកន្លែង ជាបន្តបន្ទាប់ ហើយតែងតែធ្វើសកម្មភាពរាល់ថ្ងៃ មិនខ្លាចញញើត ពេលនេះចាប់បានហើយ!!!
សន្តិសុខសង្គម
314

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាជនបរទេសម្នាក់ ដែលពូកែខាងបន្លំលួចលុយ តាមទីតាំងវីង និងកន្លែងលក់ដូរផ្សេង ជាច្រើនកន្លែង ជាបន្តបន្ទាប់ ហើយតែងតែដើរធ្វើសកម្មភាពជារៀងរាល់ថ្ងៃ មិនខ្លាចញញើតអ្វីបន្តិចសោះ ពេលនេះ មានអី ត្រូវបានជនរងគ្រោះ តាមរកឃើញ ចាប់ខ្លួនបានហើយ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ចាត់ការតាមច្បាប់។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២និង២០នាទីរសៀល ជនរងគ្រោះជាបុរសម្នាក់ បានជិះម៉ូតូតាមរកមើលជនសង្ស័យជាជនសង្ស័យខាងលើ ដែលមានឈ្មោះ PAHANGEH MORTEZA ភេទប្រុស ជនជាតិអឺរ៉ង់ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ដែលបានធ្វើសកម្មភាព បន្លំលួចលុយ នៅផ្ទះវ៉ីងវេរលុយអស់ទឹកប្រាក់ចំនួន៥០០$ (ប្រាំរយដុល្លារអាមេរិច) ស្ថិតនៅលេខ៣BC ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ពេលនោះជនរងគ្រោះបានប្រទះឃើញជនសង្ស័យខាងលើ ក៏ឃាត់ខ្លួនជាប់ នៅចំណុចលើដងផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ក្រុមទី៧៤ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នាំយកទៅសាកសួរ ។

ក្នុងនោះ វត្ថុតាងចាប់យក៖ កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ ក្នុងកាបូបមានប័ណ្ណបើកបររថយន្ត មួយច្បាប់, ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខ្មៅ, លុយខ្មែរ ចំនួន១០,០០០,០០០៛ (ដប់លានរៀល) , លុយដុល្លារ ចំនួន៣៥៤០$ (បីពាន់ប្រាំរយសែសិបដុល្លារសហរដ្ឋអាមេរិច), លុយឥណ្ឌូនេស៊ី ចំនួន៣៥៥រៀល និងលុយសាំងហ្គាពួរ ២ដុល្លារ ជារបស់ជនសង្ស័យ។

ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការប្រគល់លុយចំនួន៥០០$ ជូនជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕


Telegram