រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ព្រែកថ្មី ខណ្ឌច្បារអំពៅ ដេញឃាត់ខ្លួនបាន ខណៈលួច លួចកាត់ខ្សែភ្លើងផ្ទះគេមិនសម្រេច ម្ចាស់គេភ្ញាក់ដឹងខ្លួនទាន់ ស្រែកចោរៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ មុខផ្ទះគ្មានលេខ ផ្លូវ ៣៦៩ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុន បុត្រ ភេទ ប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។
ចំណែកជនសង្ស័យឃាត់ខ្លួន ០២នាក់ ៖
១-ឈ្មោះ ឈុំ វាសនា ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ ជួន មករា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
*ទាំង ០២នាក់ ស្នាក់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យទាំង ០២នាក់ ៖ វិជ្ជមាន (មានសារធាតុញៀន)។
សូមបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះកំពុងដេកនៅផ្ទះកើតហេតុ ស្រាប់តែមានជនសង្ស័យ ០២ នាក់ខាងលើ ជិះម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១L-២១២៨ មកឈប់មុខផ្ទះជនរង គ្រោះនាំគ្នាយកកន្រ្តៃបំរ៉ុងលួចកាត់ខ្សែភ្លើងផ្ទះជនរងគ្រោះ ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ពេល នោះក៏មានសមត្ថកិច្ចយើងល្បាតជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ រួមនិងវត្ថុតាងម៉ូតូ ១គ្រឿង (ជិះធ្វើសកម្មភាព), កន្រ្តៃ២, កាំបិតប៉័ងតោ១ និងទួរណឺវ៉ីស១ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី សាកសួរ។ តាមចម្លើយសារភាព កន្លងមកជនរងគ្រោះធ្លាប់បាត់ខ្សែភ្លើងជាច្រើនមកហើយ ។
ពេលនេះជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ វិចិត្រ