តុលាការខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនអតីតឧត្តមសេនីយ៍ទោ ស៊ុ ពៅ និងបក្ខពួក ដែលបានរត់ពន្ធមនុស្សខុសច្បាប់
សន្តិសុខសង្គម
133

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដស្វាយរៀង បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ អតីតឧត្តមសេនីយ៍ទោ ស៊ុ ពៅ និងបក្ខពួក៦នាក់ទៀត ក្រោយតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចោទប្រកាន់ចំនួន៣បទល្មើស ពាក់ព័ន្ធការរត់ពន្ធមនុស្សដោយខុសច្បាប់ ។

សេចក្តីរាយការណ៍មកថា ចំពោះបទចោទប្រកាន់ចំនួន៣បទល្មើសនោះគឺ:

-ទី១៖ បទលក់ដូរមនុស្ស ដែលអំពើជាបទល្មើស មានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា១៣, មាត្រា១៥ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

-ទី២៖ ផ្ដើមគំនិតក្នុងការប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ ដែលអំពើជាបទល្មើសមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៨ និងមាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ។

-ទី៣៖ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ (ដោយប្រើប្រាស់រថយន្តម៉ាក Hummer ស្លាកលេខខេមរភូមិន្ទ ២-៩១៧០ និងរថយន្តម៉ាក Camry ស្លាកលេខ2N-4801 ពាក់ផ្លាកលេខក្លែងក្លាយ) ដែលអំពើជាបទល្មើសមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៧៩ នៃច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ។

រូបភាពនិងអត្ថបទដោយ: Pheakdey


Telegram