រាជធានីភ្នំពេញ៖ ក្រុមជនសង្ស័យជាចោរធាក់ និងកាប់ប្លន់យកម៉ូតូ វ័យក្មេងមួយក្រុម ត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលខណ្ឌមានជ័យ និងនគរបាលខេត្តកំពត ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបាន ខណៈម៉ូតូជនសង្ស័យជិះទៅបុករថយន្តអ្នកដំណើរ រហូតបណ្តាលឲ្យដួលម៉ូតូ ។
ករណីធាក់ប្លន់យកម៉ូតូនេះ បានកើតឡើង នៅវេលាម៉ោង ៨យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកបានម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1KH-0474 ពីជនរងគ្រោះឈ្មោះ ធាន សុធុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាសិស្ស រស់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូខាងលើ ចេញពីផ្ទះជួល ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បំណងទៅលេងកោះពេជ្រ ។ លុះដល់ចំណុចផ្លូវលេខ ៣៧៧ BT ភូមិចម្រើនផល សង្កាត់បឹងទំពុនទី១ កែងការ៉ាស់សាំងតេលា ក៏បានជនសង្ស័យជិះម៉ូតូជាច្រើនគ្រឿង មកដេញកាប់ និងធាក់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល ដោយឃើញក្រុមជនសង្ស័យមានដាវ ជនរងគ្រោះក៏រត់ចោលម៉ូតូយករួចខ្លួនសិនចូលផ្ទះប្រជាពលរដ្ឋដែលនៅជិតនោះ ហើយជនសង្ស័យក៏លើកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់អស់តែម្តង ។
ក្រោយមានករណីនេះកើតឡើង សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលខណ្ឌមានជ័យ និងនគរបាលខេត្តកំពត ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបាន ជនសង្ស័យទាំង ៥នាក់ ខណៈម៉ូតូជនសង្ស័យជិះទៅបុករថយន្តអ្នកដំណើរ រហូតបណ្តាលឲ្យដួលម៉ូតូ រួមមាន ៖ ១.ឈ្មោះ ចំរើន ករុណា , ២.ឈ្មោះ ជា ដារ៉ាវុធ , ទី៣.ឈ្មោះ ហ៊ន វិសាល , ទី៤.ឈ្មោះ ចាន្នី ចាន់ណា និងទី៥ឈ្មោះ ឆាយ ម៉ានីន បញ្ជូនពីខេត្តកំពត មកកាន់ប៉ុស្តិ៍បឹងទំពុនទី១ រួចបញ្ជូនបន្តទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ