រថយន្តស្តារិច ដឹកភ្ញៀវបើកឆ្លងស្តុបខៀវ ត្រូវរថយន្តស៊េរីទំនើបបើកដោយជនជាតិចិន បុកចំពាក់កណ្តាលពេញទំហឹង ក្រឡាប់ផ្ងារជើងច្រង៉ាង នៅស្តុបផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម
276

រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយជនបរទេសផ្សេងទៀត បើករថយន្តស៊េរីទំនើប Mercedes មួយគ្រឿង ក្នុងល្បឿនលឿនខ្វះ ការប្រុងប្រយ័ត្ន ជ្រុលទៅបុកចំពាក់ រថយន្តស្តារិច ពេញទំហឹង ក្រឡាប់ផ្ងារជើង ជាប់មនុស្សក្នុងរថយន្ត ផ្អើលពលរដ្ឋនាំគ្នាជួយបំបះ ឲ្យមនុស្សចេញ និងរងការខូចខាតទាំងសងខាង ។

ហេតុការណ៍នេះបានកើតឡើងការវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែងនឹងផ្លូវ៥០ម៉ែត្រ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ហើយមានរថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល 2B-9631 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយភ្ញៀវ៤នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតមកលិច លុះមកដល់ស្តុបភ្លើងពណ៌ខៀវ អទិភាពបើកឆ្លងផ្លូវ ស្របពេលនោះ ក៏មានរថយន្តស៊េរីទំនើបម៉ាក Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-3576 បើកបរដោយជនជាតិចិនម្នាក់ រួមដំណើរដោយជនជាតិចិនផ្សេងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន បានជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តស្តារិចពេញទំហឹង បណ្តាលឲ្យរថយន្តស្តារិចនោះ ផ្លោងក្រឡាប់ផ្ងារជើងទៅលើផ្លូវ ជាប់មនុស្សមានភ្ញៀវដែលជិះនៅខាងក្នុង ផ្អើលពលរដ្ឋនាំគ្នាជួយបំបះរថយន្តឡើង ដើម្បីឲ្យមនុស្សចេញពីក្នុងរថយន្តនេះ រួចផុតពីគ្រោះថ្នាក់ ខណៈរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ ។ ភ្លាមនោះ ជនជាតិចិនខាងលើ ក៏នាំគ្នាគេចខ្លួនបាត់អស់ សល់តែរថយន្តប៉ុណ្ណោះ ។​

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ពិនិត្យកន្លែងកើតហេតុ សហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពីក្រោយ តាមច្បាប់បន្តទៀត ៕ អែល វិចិត្រ+ មេសា


Telegram