ក្មេងៗសោះចេញចាប់របរ ប្ល....ន់ម៉ូតូ! ជិះដេញតាមគេពេលរាត្រី រួចយកដុំថ្មគ..ប់ប្ល...ន់យកម៉ូតូមិនសម្រេច ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ដេញចាប់ខ្លួនបានទាំង៣នាក់!
សន្តិសុខសង្គម
506

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាក្រុមចោរវ័យក្មេង ជិះម៉ូតូដេញតាមគេពេលរាត្រី រួចយកដុំថ្មប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ ក្រោយការបញ្ជាណែនាំពី ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងការបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនព្រហ្មទណ្ឌ ដេញចាប់ខ្លួនបានទាំង ៣នាក់តែម្តង ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ 

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកវត្តស្លែងកែងនឹងផ្លូវជាតិលេខ៣ ស្ថិតនៅ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថុល វុទ្ធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យ ដែលឃាត់ខ្លួនបានទាំង ៣នាក់ រួមមាន ៖

ទី០១ឈ្មោះ ហួន វាសនា ហៅ ឌី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទី០២ឈ្មោះ សុខហេង សីហា ហៅ ហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទី០៣ឈ្មោះ ហ៊ន ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងនោះ វត្ថុតាងដកហូត៖

១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JR-2472 មាន លេខតួ និងលេខម៉ាស៊ីន6367860 ចំនួន០១គ្រឿង (របស់ឈ្មោះ ហួត វាសនា ហៅ ឌី)

២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KD-5730 មានលេខតួ និងលេខម៉ាស៊ីន0068083 ចំនួន០១គ្រឿង (របស់ជនសង្ស័យ ឈ្មោះ សុខហេង សីហា ហៅ ហុង)

៣/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាក លេខភ្នំពេញ1AB-8594 មាន លេខតួ និងលេខម៉ាស៊ីន5333681ចំនួន០១គ្រឿង (របស់ជនរងគ្រោះ)

៤/ដុំថ្មទំហំប៉ុនកដៃ ចំនួន០១ដុំ,

៥/ទូរស័ព្ទដៃម៉ាកOPPO ពណ៍ស្វាយចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ សុខហេង សីហា ហៅ ហុង)

៦/ទូរស័ព្ទដៃម៉ាកសាំសុងពណ៌ សូកូឡា ចំនួន០១គ្រឿង(របស់ជនសង្ស័យឈ្មោះ ហ៊ន ជីវ័ន្ត)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧យប់ ជនរងគ្រោះឈ្មោះ ថុល វុទ្ធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1AB-8594 ឌុបមិត្តភក្តិចំនួន២នាក់ទី០១ឈ្មោះ ម៉ែន សែនអេឡិចស្កាយ ភេទប្រុស អាយុ១៥ឆ្នាំ ទី០២ឈ្មោះ ម៉ៅ តុលា ភេទប្រុស អាយុ១៦ឆ្នាំ ចេញពីផ្ទះ ស្ថិតនៅភូមិដំណាក់ត្រឹយឹង សង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីទៅយកប្អូនស្រីនៅម្តុំបែកចាន ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ពេលជនរងគ្រោះ និងមិត្តភក្តិបើក ម៉ូតូឌុបគ្នា តាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូងហួសស្ថានីយ៍ប្រេងសាំងភីធីធីប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិគោកខ្សាច់ សង្កាត់ ភ្លើង ឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន ៣នាក់ ទី០១ឈ្មោះ ហួន វាសនា ហៅ ឌី ភេទប្រុស អាយុ១៥ឆ្នាំ ទី០២ឈ្មោះ សុខហេង សីហា ហៅ ហុង ភេទប្រុស អាយុ១៥ឆ្នាំ ទី០៣ឈ្មោះ ហ៊ន ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ ជិះម៉ូតូចំនួន០២គ្រឿង ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JR-2472 មានលេខតួ និងលេខ ម៉ាស៊ីន6367860 ជនសង្ស័យឈ្មោះ ហួន វាសនា ហៅ ឌី ជិះម្នាក់ឯង ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KD-5730 មានលេខតួ និងលេខម៉ាស៊ីន0068083 ជនសង្ស័យឈ្មោះ សុខហេង សីហា ហៅ ហុង បើកឌុបជនសង្ស័យឈ្មោះ ហ៊ន ជីវ័ន្ត បិទភ្លើងម៉ូតូដេញតាមពីក្រោយជនជនរងគ្រោះ ឃើញដូចនេះជនរងគ្រោះ ក៏បានបើក ម៉ូតូរត់គេចពីក្រុមជនសង្ស័យ ទៅដល់ផ្លូវបំបែកវត្តស្លែង កែងនឹងផ្លូវជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលា ម៉ោង២០និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យឈ្មោះ ហ៊ន ជីវ័ន្ត ដែលជិះពីក្រោយជនសង្ស័យឈ្មោះ សុខហេង សីហា ហៅ ហុង បានប្រើដុំថ្មគប់ទៅលើ ជនរងគ្រោះប៉ុនប៉ងប្លន់ម៉ូតូតែជនរងគ្រោះគេចផុត រួចក្រុមជនសង្ស័យ ក៏បានបើក គេចខ្លួនទៅត្បូង ហើយ ជនរងគ្រោះ ក៏បានជិះម៉ូតូទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដែល ឈរជើងនៅគោលដៅស្តុបវត្តស្លែង ឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចយើងក៏បានជួយអន្តរាគមន៍ដេញតាមឃាត់ ខ្លួនបាន ជនសង្ស័យទាំង០៣នាក់ខាងលើ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាល ខណ្ឌដង្កោ តាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបាន ឆ្លើយសារភាពថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើ សកម្មភាពប្រើដុំថ្មគប់ជនរងគ្រោះប្រាកដមែន ហើយ ជនរងគ្រោះ និង ក្រុម ជនសង្ស័យពុំដែលស្គាល់គ្នាទេ ទើបឈ្មោះ ថុល វុត្ថា ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង ។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការ សម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជ អាជ្ញារង នៃអយ្យការ អមសាលា ដំបូង រាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ



Telegram