ខេត្តកំពង់ស្ពឺ ៖ គ្មានអ្នកណាដែលថាមិនចេះខុស តែសូមឲ្យខុសហើយ ចេះកែ ! តួយ៉ាង បងប្អូនបានជ្រាបរួចមកហើយ ម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ លោក ប៊ុត សីហា ធ្លាប់ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីឆ្នាំ២០១៨ ម្តងរួចមកហើយ ដែលកាលនោះ ជាការឃាត់ខ្លួនលើកទី១ , ប៉ុន្តែស្រាប់តែមានការភ្ញាក់ផ្អើលសារជាថ្មី ម្តងទៀត ដោយម្ចាស់ ជ័យលាភីលេខ១ «The Voice Cambodia» រដូវកាលទី១ លោក ប៊ុត សីហា រួមជាមួយនឹងបក្ខពួកម្នាក់ទៀត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួន ជាលើកទី២ ដកហូតបានគ្រឿងញៀនជាច្រើនកញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
ការឃាត់ខ្លួនលោក ប៊ុត សីហា ជាលើកទី២ នេះ ធ្វើឡើងនៅវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនបាន២នាក់រួមមាន ៖
ទី១- ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ទី២ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី។ រកឃើញនិងដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៥កញ្ចប់ ក្នុងនោះ ០៣តូច និង០២មធ្យម, ទូរសព្ទ០៣គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
ពេលនេះជនសង្ស័យទាំង២នាក់ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់ ។
សូមបន្ថែមថា តារាចម្រៀង ប៊ុត សីហា កាលពីលើកទី១ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ មុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈលោកទៅទិញគ្រៀងញៀនដើម្បីជក់ ក៏ប៉ុន្តែករណីលើកទី១នេះ ត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន ៕