រាជធានីភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង១០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ខ្មៅ បណ្តាលឲ្យជនរងគ្រោះដួលទៅលើថ្នល់រងរបួសកែងដៃស្តាំ ជង្គង់ស្តាំ ចំក្បាលជាំហើមផ្នែកខាងក្រោយ) ប្រព្រឹត្តនៅចំណុចមុខមន្ទីរពេទ្យចក្រ្កា ផ្លូវលេខ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៥ និង ៤០នាទី និងចាប់យកទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន០១ គ្រឿង និងបន្តចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន០១ គ្រឿង នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី។
ក្នុងនោះ ជនសង្ស័យមានឈ្មោះ ហេង ចាន់ន្នី ភេទ ប្រុស អាយុ៤១ ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងនោះ សមត្ថកិច្ចដកហូត វត្ថុតាងរួមមាន ៖ ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ខ្មៅ បិតតែមរូបភាពចំរុះពណ៌ស-ក្រហម ពាក់ផ្លាកលេខភ្នំពេញ១HI-៩៧៥៧ ចំនួន ០១ គ្រឿង , ទូរសព្ទ័ដៃម៉ាក សាំសុង ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង។
ចំណែកជនរងគ្រោះឈ្មោះ ខាំង សុខជីង ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិ កូរ៉េ មានទីលំនៅផ្ទះលេខ២២៧ ផ្លូវលេខ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។ ដកហូតបាន ក្នុងទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៨១ ៥១១ ៧៧៨ ចំនួន ០១គ្រឿង ។
ស្នាមរបួស រងរបួសកែងដៃស្តាំ ជង្គង់ស្តាំ ចំក្បាលជាំហើមផ្នែកខាងក្រោយ ។
ពេលនេះ ជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ