ខេត្តតាកែវ ៖ ជនសង្ស័យជាគ្រូពេទ្យ ចេះតជំនាន់ ២នាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយចាក់ថ្នាំ ដាក់សេរ៉ូម បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិ តាតៃឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ សមត្ថកិច្ចស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជា គ្រូពេទ្យ ចេះតជំនាន់ ២នាក់ ឪពុកកូន ក្រោយចាក់ថ្នាំ និងដាក់សេរ៉ូម ខុសបច្ចេកទេស បណ្ដាលឱ្យស្លាប់ ស្រ្ដីម្នាក់ ឈ្មោះ កៅ ថុស ភេទ ស្រី អាយុ ៧៣ឆ្នាំ ដែលមានទីលំនៅស្ថិតនៅ ភូមិតម្រា ឃុំ ជម្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានមកពិនិត្យជំងឺ និង ព្យាបាល នៅផ្ទះរបស់ជនសង្ស័យឈ្មោះ សន សឿន ភេទប្រុស អាយុ ៧១ ឆ្នាំ និងឈ្មោះ សឿន វឿន ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ត្រូវជាកូន បានចាក់ថ្នាំ និងព្យួរសេរ៉ូម ខុសលក្ខណៈបច្ចេកទេស បណ្តាលអោយអ្នកជំងឺ ខាងលើ ស្លាប់ភ្លាម ៗតែម្តង ។
ពេលនេះជនសង្ស័យទាំង២នាក់ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕ មេសា