រាជធានីភ្នំពេញ៖ បន្ទាប់ពីមានព័ត៌មានចែកចាយពេញបណ្ដាញសង្គម អំពីសកម្មភាព ក្រុមយុវតីសិស្សស្រីវិទ្យាល័យបាក់ទូក ដែលព្រួតគ្នាវាយយុវតី ២នាក់ ដែលជាមិត្តរួមថ្នាក់ តាមទំនើងចិត្ត រួចថតវីដេអូបង្អួតចែកចាយមិត្តភក្តិថាឯងឡូយ រហូតបែកធ្លាយដល់គ្រួសារជនរងគ្រោះឆែកទូរសព្ទកូនឃើញ ចេះតែឆ្ងល់ម៉េចមិនទៅរៀន អាណាព្យាបាលវាយប្រដៅផង ដោយមិនដឹងថាកូនត្រូវរងសម្ពាធគេវាយធ្វើបាបនៅសាលា រហូតទាល់តែឃើញរូបភាពនិងវីដេអូ ទើបដឹងរឿងហើយខ្លោចចិត្តអាណិតកូន ហើយតួយ៉ាងនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបាន អញ្ជើញក្រុមគ្រួសារក្មេងទំនើងទាំងនោះ និង អាណាព្យាបាលយុវតីរងគ្រោះទាំង២ មកដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ។
ប្រភពពីអាណាព្យាបាលយុវតីរងគ្រោះបានប្រាប់អោយដឹងថា ពួកគាត់បានដោះស្រាយគ្នាបញ្ចប់រឿងហើយ ក្រោមការសម្របសម្រួល របស់សមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ធបាលវាលវង់ បន្ទាប់ពីចំណាយពេលចរចារគ្នាអស់រយៈពេលប្រមាណជាង៨ម៉ោង ទើបបញ្ចាប់ ។ ក្នុងការដោះស្រាយនោះ ដំបូងឡើយ គាត់ប្តឹងអោយសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់ និង ទាមទារសំណងមួយចំនួន និង ចេញមុខសុំទោសកូនស្រីគាត់ជាសាធារណៈ ។ ប៉ុន្តែដោយមានការអង្វរករពីសំណាក់អាណាព្យាបាលក្រុមសិស្សទំនើងទាំងនោះ និង មានការសម្របសម្រួលពីអាជ្ញាធរ និងយោគយល់ថាក្រុមក្មេងទាំងនោះជាអនិតិជន ផងនោះ ពួកគាត់ក៏ព្រមបញ្ឈប់រឿងត្រឹម ធ្វើកិច្ចសន្យាមិនមានរឿងនេះកើតឡើងម្តងទៀតទេ ក្រោមការធានាពីអាណាព្យាបាល និង សុំទោសទៅលើជនរងគ្រោះនិងពួកគាត់ជាអាណាព្យាបាល នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ដើម្បីបញ្ចប់រឿងតែម្តង ៕ អែល មេសា