ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យមួយបានឆាបឆេះ សណ្ឋាគារមីងឌូ ជាន់ខាងលើបង្អស់លើដំបូល យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នករស់នៅសង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលអណ្តាតភ្លើងអាចមើលឃើញយ៉ាងច្បាស់ពីចម្ងាយ និងប្រញាប់រាយការណ៍ជូនកងកម្លាំងមានសមត្ថកិច្ច ឲ្យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ហេតុការណ៍នេះបានកើតឡើង កាលពីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ភ្លាមៗលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ កម្លាំងប្រចាំបញ្ជា កម្លាំងជំនាញពន្លត់អគ្គិភ័យ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរៈនគរបាលការពារព្រំដែនគោក៩១១, ៨៩១ ជាច្រើនរូប ចុះជួយអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ដើម្បីពន្លត់ករណីអគ្គិភ័យមួយនេះ។
ទន្ទឹមគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងកើតហេតុ ភ្លាមៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ធ្វើយ៉ាងណាធានាបាននូវការពន្លត់ប្រកបដោយប្រសិទ្ធិភាព មិនរាលដាលបន្ត។
ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក៏បានសហការជាមួយម្លាំងកងរាជអាវុធហត្ថ យោធា និងអាជ្ញាធរមូលដ្ឋាន បណ្តាក្រុមហ៊ុនកាស៉ីណូនៅជាយដែន និង អាជ្ញាធរថៃ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ក្រុមសង្គ្រោះ មួយចំនួន មកជួយកន្លែងកើតហេតុផងដែរ។
ក្រោយពីមានការជួយអន្តរាគមន៍ពន្លត់ពីគ្រប់ភាគីពាក់ព័ន្ធ បានទាន់ពេលវេលា សមត្ថកិច្ចយើងអាចគ្រប់គ្រងស្ថានការណ៍បាន ហើយពន្លត់រហូតភ្លើងរលត់ជោគជ័យនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃដដែល។ ហេតុការណ៍នេះមិនបានបណ្តាលឲ្យជនណាម្នាក់ស្លាប់បាត់បង់ជីវិត ឬរបួសឡើយ៕