រាជធានីភ្នំពេញ ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនមនុស្ស០២នាក់ករណីបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវសារធារណៈ កាលពីវេលាម៉ោង ១និង១៥នាទីរំលងអាធ្រាត្រ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលបង្ហោះម៉ូតូតាមបណ្តោយផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) កែងនឹងផ្លូវលេខ២៣០ រហូតដល់ចំណុចផ្លូវលេខ២០២កែងនឹងផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស០២នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ។
ក្រោយពីបានសាកសួរចម្លើយចប់សព្វគ្រប់ ដោយបានបញ្ជាពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យជនទាំងពីរនាក់នេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលមកធានាយកទៅនិងចុះកិច្ចសន្យាអប់កុំឲ្យមានលើកក្រោយទៀត ។
ជនទាំង២នាក់នេះរួមមាន៖
១-ឈ្មោះ ប៊ុន ចាន់រ៉ាត់ ហៅ រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកឥវ៉ាន់ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ហេង រតនា ហៅ ស្វិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែក សម្ភារៈចាប់យកមានរួមមាន ម៉ូតូម៉ាក Suzuki Nex ពណ៌ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 1JE-9332 ។
ពេលនេះជនទាំងពីរនាក់ខាងលើ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ៕