ខេត្តឧត្ដរមានជ័យ៖ ដោយមានការណែនាំ ចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីជនរងគ្រោះឈ្មោះ សៀង លី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ថាមានករណី ចោលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ មានលេខ+តួម៉ាស៊ីន ៨០៧៧២២៨ (គ្មានស្លាកលេខ) ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ចុះកិច្ចប្រតិបត្តិការតាមស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនបង្កខាងលើ បាន ១នាក់ ឈ្មោះ សីហា ប្រាក់ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិបេង ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ឃាត់ខ្លួនបាននៅចំណុចភូមិឈេីស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល បញ្ជូនមកកាន់អធិការដ្ឋាននគរក្រុងសំរោង ដេីម្បីធ្វើការសាកសួរ ។
បន្ទាប់ពីបានធ្វើការសាកសួរចម្លើយជនសង្ស័យខាងលើរួច និងមានតម្រុយបន្តបន្ទាប់ ព្រមទាំងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងជំនាញក្រុង បានបន្តកិច្ចសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងអធិការដ្ឋានគរបាលស្រុកបន្ទាយអំពិល ចុះធ្វើការស្រាវជ្រាវបន្ត រហូតដល់ចំណុចផ្ទះឈ្មោះ យ៉ាន សីហា ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់បន្ថែមទៀត មានឈ្មោះដូចខាងក្រោម៖
-ទី១. ឈ្មោះ យ៉ាន សីហា ភេទប្រុស អ្នកទទួលទិញម៉ូតូ និងជាចែកចាយសារធាតុញៀន (ធ្វើតេស្តមានសារធាតុញៀន)។
-ទី២. ឈ្មោះ សេង ស្រីនាង ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរ កម្មកររងចក្រ ។
-ទី៣. ឈ្មោះ ជន សំរេច ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងក្រឡឹង (ធ្វើតេស្តមានសារធាតុញៀន)។
-ទី៤ . ឈ្មោះ រំ រិទ្ធសែន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងក្រឡឹង (ធ្វើតេស្តមានសារធាតុញៀន) ។
-ទី៥. ឈ្មោះ ធូ ធារី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងក្រឡឹង (ធ្វើតេស្តមានសារធាតុញៀន)។
កិច្ចប្រតិបត្តិការនេះ កម្លាំងយើងបានធ្វើការឆែកឆេរ និងរកឃើញវត្ថុតាងរួមមាន៖ ម៉ូតូ ចំនួន ៣គ្រឿង, គ្រឿងបន្លាស់ម៉ូតូមួយចំនួន, សារធាតុញៀនប្រភេទម្សៅក្រាមពណ៌ស (ម៉ាកទឹកកក) ចំនួន ១,០៣៧ក្រាម និង សារធាតុញៀនប្រភេទមេតំហ្វេតាមីនWY ចំនួន ២កញ្ចប់ ស្មើនឹង ៨៥០ក្រាម ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ រួមនិងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋានក្រុងសំរោង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕