នគរបាលខណ្ឌដង្កោ បង្ក្រាបបានជនសង្ស័យជាក្រុមចោរ ធា....ក់និងកា....ប់ប្ល....ន់ម៉ូតូបាន៥នាក់ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនលើក ខណៈស្ត្រីរងគ្រោះលើកដៃសំពះអរគុណសមត្ថកិច្ចដែលបង្ក្រាបក្រុមចោរទាំងនេះបាន ទាំងគាត់របួ..សធ្ងន់ដេរជាច្រើនកន្លែង!
សន្តិសុខសង្គម
368

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៥នាក់ ដែលជាក្រុមចោរ ធាក់និង កាប់ ស្ត្រីវ័យចំណាស់ម្នាក់ របួសធ្ងន់ ប្លន់យកម៉ូតូបានសម្រេច ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ក្រោយបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ , ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ និងមានការដឹកនាំដោយលោក វរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនព្រហ្មទណ្ឌ បានបើកស្រាវជ្រាវចាប់ឃាត់ខ្លួនបានមកវិញ ខណៈជនរងគ្រោះលើកដៃសពះ អរគុណដល់សមត្ថកិច្ចខណ្ឌដង្កោ ដែលចាប់ក្រុមចោរទាំងនេះបានមកវិញ រកយុត្តិធម៌ជូនគាត់ ទាំងគាត់មានរបួស រុំដៃ និងស្នាមដេរនៅលើដងផ្លូវជាច្រើនកន្លែង ។

ការបង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ធាក់និង កាប់ ប្លន់យកម៉ូតូ) នេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ត្រង់ចំណុចស្ថានីយ៍ប្រេង សាំងតូតាល់ ស្តុបឬស្សីសាញ់ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនបានរួមមាន ៖

១/ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបាគូ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

២/ឈ្មោះ ហេន រ៉ាឌី ហៅ ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ បឹង សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

៣/ឈ្មោះ ហនទិត្យ ច័ន្ទដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិមានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

៤/ឈ្មោះ លី ធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹង មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (អ្នកយកម៉ូតូទៅលក់០៣គ្រឿង) ។

៥/ឈ្មោះ ប៉ែន សុខគា ហៅ ហួ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្នោត ជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថតាងចាប់យក៖ កាំបិតប៉័ងតោដងឈើប្រវែង៣០សង់ទីម៉ែត្រចំនួន០១,ខ្សែក្រវ៉ាត់ក្បាលដែកប្រវែង៩០ សង់ ទីម៉ែត្រចំនួន០១, ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកXiaomiពណ៌ខ្មៅចំនួន០១, កាបូប ស្ពាយក្រឡាការ៉ូពណ៌ក្រម៉ៅចំនួន០១, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយសពាក់ផ្លាកលេខបាត់ដំបង1AI-8003 មាន លេខម៉ាស៊ីន354715 ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ ហេង រ៉ាឌី ហៅ ឌី) , ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ទឹក មាស ពាក់ផ្លាកលេខកណ្តាល1AC-3443 មានលេខតួ និងលេខម៉ាស៊ីន6716842 ចំនួ០១គ្រឿង (របស់ជនសង្ស័យ ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចស្ថានីយ៍ប្រេង សាំងតូតាល់ ផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០៤នាក់ ១/ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា , ២/ឈ្មោះ ហេន រ៉ាឌី ហៅ ឌី ភេទប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះ ហនទិត្យ ច័ន្ទដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ៤/ឈ្មោះ លី ធា ភេទ ប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ០២គ្រឿង ទី១ ម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស ពាក់ផ្លាកលេខបាត់ដំបង 1AI-8003 មានលេខ ម៉ាស៊ីន354715 ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ ហេង រ៉ាឌី ហៅ ឌី) ទី០២ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AC-3443ចំនួ០១គ្រឿង ហើយសមត្ថកិច្ចយើងមានការសង្ស័យ ក៏បានហៅឱ្យធ្វើការត្រួតពិនិត្យឃើញ វត្ថុតាង ប្រព្រឹត្តបទល្មើស ១/កាំបិតប៉័ងតោដងឈើប្រវែង៣០សង់ទីម៉ែត្រចំនួន០១, ២/ខ្សែក្រវ៉ាត់ក្បាលដែកប្រវែង៩០ សង់ទីម៉ែត្រ ចំនួន០១នៅក្នុងកាបស្ពាយពណ៌ក្រឡាក្រម៉ៅ ដែលជនសង្ស័យឈ្មោះ លី ធា ស្ពាយជាប់នៅនឹងខ្លួន ហើយសមត្ថកិច្ចយើង ក៏បាន ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយ ពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានជិះម៉ូតូឌុបគ្នា ដើម្បី ធ្វើសកម្មភាពធាក់ និងកាប់ប្លន់ យកម៉ូតូរបស់ប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ប្រាកដមែន ហើយកន្លង មកពួកគេ (ជនសង្ស័យ) និងបក្ខពួកផ្សេងទៀត ធ្លាប់បានធ្វើសកម្មភាពធាក់ និងកាប់ប្លន់យកម៉ូតូតាមផ្លូវសាធារណៈក្នុង រាជ ធានីភ្នំពេញ បានសម្រេចជាច្រើនលើក រួចសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានម្នាក់ទៀត ឈ្មោះ ប៉ែន សុខគា ហៅ ហួ ភេទប្រុស អាយុ១៨ឆ្នាំ ត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ។

ក្រោយពីធ្វើការ សាកសួរជនសង្ស័យទាំង០៥នាក់ខាងលើ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបាន ធ្វើ សកម្មភាពធាក់ និងកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះតាមផ្លូវសាធារណៈជាច្រើនលើក ។ជាក់ស្តែងនៅថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង០៥និង៤០នាទី ជនសង្ស័យ ទាំង០៥នាក់ខាងលើ បានធ្វើសកម្មភាពធាក់ និងកាប់ប្លន់យក ម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខភ្នំពេញ1JG-2103 ចំនួន០១គ្រឿង របស់ ជនរងគ្រោះឈ្មោះ យ៉ុង យ៉ាន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ទីលំនៅសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាកដមែន ។

ពេលនេះជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ


Telegram