រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវគេព្រួតវាយបែកក្បាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែការពារពួកម៉ាកស្រីរបស់គេ ដែលត្រូវគេប៉ះពាល់រាងកាយ នៅក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១យប់ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
តាមសម្ដីរបស់នារីជនរងគ្រោះ បានហើយដឹងថា មុនពេលកើតហេតុ គាត់បាននាំគ្នាអង្គុយផឹកស៊ីនៅក្នុងហាងមួយកន្លែង នៅតំបន់ បឹងកក់ មានគ្នា ៣ទៅ៤នាក់ រួមទាំងមានគូដណ្ដឹងរបស់គាត់ទៀត ។ ពេលនោះគាត់បានដើរទៅក្នុងបន្ទប់ទឹក ស្រាប់តែមានបុរសមួយក្រុមមិនដែរស្គាល់គ្នាសោះ បានលូកដៃមកប៉ះពាល់គាត់ជាស្រី និងចាប់ដៃរបស់គាត់ទៀត ។ ពេលនោះគូបណ្ដឹង និងពួកម៉ាកគាត់ក៏ដើរទៅសួរ ហេតុអីបានបងយកដៃទៅបេះថ្ពាល់គូបណ្ដឹងខ្ញុំ មិនទាន់បានប៉ុន្មានផង ភាគីម្ខាងទៀតក៏បាន នាំគ្នាយកដបស្រា និងកែវវាយ ទៅលើពួកគាត់ បណ្ដាលឲ្យមានមនុស្សរងរបួសម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង ។
ជុំវិញករណីនេះ លោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរង ទទួលផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់TVFB ឲ្យដឹងថា រហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកអត្តសញ្ញាណជនរងគ្រោះ ដែលជានារី នៅក្នុងហេតុការណ៍នេះ មកបំភ្លឺបញ្ជាក់លម្អិត ជុំវិញករណីនេះ ដើម្បីសមត្ថកិច្ចស្រាបជ្រាវរកអ្នកពាក់ព័ន្ធ ព្រោះកាលពីយប់មិញ អ្នកដែលបំភ្លឺហេតុការណ៍ខាងលើ មិនបានមកបំភ្លឺសមត្ថកិច្ចតាមការស្នើរសុំ នោះទេ ដោយប្រាប់ថា ចាំជនរងគ្រោះផ្ទាល់ ជាអ្នកមកបំភ្លឺជាមួយសមត្ថកិច្ច ៕ Mrr Ka