រាជធានីភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលដោយបុរសម្នាក់ មានវិបត្តិតូចចិត្តប្រពន្ធរត់ចោល មកធ្វើការនៅភ្នំពេញមិនឃើញត្រលប់ទៅវិញ តូចចិត្តផឹកស្រាថ្នាំអស់មួយដបស្រវឹង ក៏លួចម៉ូតូពូ ជិះឌុបកូនប្រុសអាយុ៣ឆ្នាំមកលោតទឹកនៅស្ពានជ្រោយចង្វារ ផ្អើលសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ទាន់ពេលវេលា។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា បុរសដែរជិះម៉ូតូឌុបកូនមកលោតទឹកនោះ មានឈ្មោះ ខុន អាយុ៣០ឆ្នាំ មុខរបរ កសិករ ចំណែកប្រពន្ធឈ្មោះ ទុំ ជាបុគ្គលិកហាង ស្នាក់នៅ ភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលទាំងពីរនាក់មានកូនប្រុស២នាក់ក្នុងបន្ទុកគ្រួសារ។
បើយោងតាមប្រភពព័ត៌មានពីបុរសខាងលើ បានបញ្ជាក់ប្រាប់អោយដឹងថា ប្រពន្ធរបស់គាត់បានចេញស្រុកមកធ្វើការការនៅភ្នំពេញ ម្តុំ ផ្លូវOCIC ជ្រោយចង្វារ អស់រយៈពេលជិតមួយខែ មិនឃើញត្រលប់ទៅផ្ទះវិញទេ ។ ហើយប្រពន្ធគាត់បាន ប្រាប់ថាមកធ្វើជាបុគ្គលិកលាងចាន ប៉ុន្តែពេលគាត់សួរនាំអ្នកស្គាល់ ទើបដឹងថាប្រពន្ធគាត់កុហក ដោយគាត់មិនដឹងថាធ្វើការអ្វីអោយពិតប្រាកដនោះទេ ។ ពេលគាត់ហៅប្រពន្ធត្រលប់ទៅផ្ទះវិញ ក៏ប្រពន្ធគាត់មិនព្រមត្រលប់មកវិញ និង ថែមទាំងផ្តាច់ការទាក់ទង ទូរស័ព្ទគាត់ក៏ទាក់ទងលងបាន ទើបនៅថ្ងៃកើតហេតុ គាត់បានផឹកស្រាថ្នាំអស់១ដប ស្រវឹងស្រឿងៗ ក៏លួចយកម៉ូតូ ម៉ាក ហុងដា គុប ស៊េរីចាស់ របស់ពូ ចតនៅមុខផ្ទះ ដឹកកូនប្រុសតូចអាយុ៣ឆ្នាំ គោលបំណងមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា ។
បន្ទាប់ពីស្តាប់មូលហេតុរបស់បុរសខាងលើនោះរួចមក សមត្ថកិច្ចក៏បាននិយាយពន្យល់ ណែនាំ និង លើកទឹកចិត្ត រហូតបុរសនោះយល់ និង សន្យាមិនធ្វើបែបនេះទៀតទេ ។ ហើយសមត្ថកិច្ចបានជូនលុយមួយចំនួនអោយបុរសខាងលើ ដើម្បីទិញថ្នាំលាបរបួសជើងកូន ប្រុសផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការទាក់ទងទៅរកសាច់ញាតិដើម្បីមកទទួលបុរសរូបនោះជាមួយនឹងកូនប្រុសអាយុ ៣ឆ្នាំ នេះដើម្បីយកត្រឡប់ទៅផ្ទះវិញ៕ មេសា