រឿងបេះថ្ពាល់ រហូតផ្ទុះហិង្សាក្នុងហាងមួយកន្លែង សមត្ថកិច្ចបញ្ជាក់បន្ថែម ចម្លើយរបស់ម្ចាស់ហាងថា ភាគីទាំងសងខាងគេកំពុងតែសម្រួលគ្នាហើយ
សន្តិសុខសង្គម
77

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងស្ត្រីម្នាក់បានប្រាប់ដល់បណ្តាញសារព័ត៌មាន ថាមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានលូកដៃបិចថ្គាល់នាងបន្ទាប់ពីគាត់ចេញពីបន្ទប់ទឹក និងបង្កអំពើហិង្សាមកលើគូរដណ្តឹង និងមិត្តភក្តិរបស់គាត់

បន្ទាប់ពីបានឃើញព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីស្រាវជ្រាវករណីនេះ

ឆ្លើយតបករណីខាងលើ លោកវរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបកស្រាយបំភ្លឺហេតុការណ៍នេះថា៖ នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទី ក្រោយពីទទួលព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក សហការជាមួយកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការសាកសួរ ហើយបានអញ្ជើញជនរងគ្រោះមកកាន់ទីស្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដាក់ពាក្យបណ្តឹង និងសាកសួរបន្ថែម ដើម្បីកំណត់អត្តសញ្ញាណជនបង្ក ប៉ុន្តែជនរងគ្រោះមិនព្រមមកដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដោយនិយាយថាចាំស្អែក រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចមិនទាន់ឃើញជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅឡើយ។

ទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវ ចុះត្រួតពិនិត្យទីតាំងកើតហេតុ និងបានហៅម្ចាស់ទីតាំងឲ្យបំភ្លឺ។ ចម្លើយរបស់ម្ចាស់ហាងថាភាគីទាំងសងខាងគេកំពុងតែសម្រួលគ្នាហើយ សូមបញ្ចប់រឿងនេះត្រឹមប៉ុន្នឹងមិនចង់វែងឆ្ងាយ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអញ្ជើញជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឬ ទាក់ទងលោកនាយប៉ុស្តិ៍តាមលេខទូរស័ព្ទ ០១២ ៨៨៧ ៧១៥៕ 


Telegram