រាជធានីភ្នំពេញ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានកិត្តិយស សូមបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបថា៖ ក្រោយពីមានការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកទៅលើករណីមានលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ០១នាក់ គឺលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ដែលមានជម្លោះជាមួយប្រជាពលរដ្ឋឈ្មោះ ពៅ ចន្ទតារាពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនិស្សិត នៅក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។
ក្រោយពីឃើញការផ្សព្វផ្សាយព័ត៌មាននោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ដែលរងការចោទប្តឹងពីគូរទំនាស់ឈ្មោះ ពៅ ចន្ទតារាពេជ្រ ពីបទហិង្សានិងគម្រាម ឱ្យចូលខ្លួនមកបំភ្លឺនៅការិយាល័យបុគ្គលិក នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
បើយោងតាមការបំភ្លឺពីលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា និងយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ លោកវសេនីយ៍ទោពេជ្រ សុគន្ធារ៉ា បានចប់ម៉ោងការងារហើយទៅផឹកស៊ីជាមួយមិត្តភក្តិ ក៏បាននាំឱ្យមានទំនាស់ជាមួយប្រជាពលរដ្ឋ ។ដោយពិនិត្យឃើញការខុសឆ្គងរបស់លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ាបែបនេះ ការិយាល័យបុគ្គលិកសុំគោលការណ៍ពីឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់សាមីខ្លួនធ្វើកិច្ចសន្យា ព្រមានជាលើកទី១ ហើយបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កប៉ះពាល់កិត្តិយសនគរបាលជាតិ និងបន្តឲ្យជំនាញធ្វើការស្រាវជ្រាវទៅលើឃ្លីបវីដេអូ៕