ខេត្តរតនគិរី៖ យោងតាមផេក GRK News បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា លោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង និងមានការសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង បានចុះបង្រ្កាបជាក់ស្តែងទីតាំងលក់បារីអេឡិចត្រូនិច (វ៉េប) គ្មានច្បាប់អនុញ្ញាតចំនួន ០២ទីតាំង។
ទីតាំងទី១ នៅម្តុំសាលាហេងលាងចាស់ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
ទីតាំងទី២ នៅចំណុចខាងក្រោយសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ (ហាងលក់កាហ្វេ ទូលីប) ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ម្ចាស់ហាងចំនួន ០១នាក់ បុគ្គលិកហាងម្នាក់ និងសិស្សមិនចូលសាលារៀនសម្ងំប្រើប្រាស់វ៉េបចំនួន ០៦នាក់។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថ ធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល (អវិជ្ជមាន) ទាំងអស់ និងបានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យា និងបានហៅអាណាព្យាបាលមកធ្វើការធានា និងបានអនុញ្ញាតឲ្យត្រលប់ទៅលំនៅដ្ឋានវិញ។