រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈបងប្អូនប្រជាពលរដ្ឋ នាំគ្នាព័ទ្ធចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ វាយស្វាគមន៍យ៉ាងចាស់ដៃ រហូតសន្លប់បាត់មាត់ឈឹង និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ យកទៅសាកសួរ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីជនជាតិចិនម្នាក់ បានសម្រេចហើយព្យាយាមរត់គេចខ្លួន ស្រាប់តែបែកធ្លាយម៉ូតូដែលជិះឆក់នេះ ជាម៉ូតូរបស់ជនរងគ្រោះផ្សេងទៀត ដែលជនសង្ស័យបានលួចចេញពីក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ថែមទៀត ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ លី រត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើងនៅ ម៉ោង២ និង ២០ នាទី រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ ភាព សុផាត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅផ្ទះតាមបណ្តោយផ្លូវ ៣២០ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរជាងកាត់សក់ ដែលបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកេងកងទី៣ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល ៣រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គាត់បានជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ប៉ៃលិន 1C-8935 ចេញពីហាងកាត់សក់នៅចំណុចផ្លូវ ២៧៦ កែងផ្លូវ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មកបន្ទប់ជួលរបស់គាត់ ផ្លូវ ៣២០ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ដោយបានចតម៉ូតូទុកខាងមុខផ្ទះជួល រួចឡើងទៅបន្ទប់ជួលជាន់ទី១ ប្រហែលកន្លះម៉ោងក្រោយមក ជនរងគ្រោះបានចុះពីលើផ្ទះវិញ ក៏បាត់ម៉ូតូតែម្តង ទើបសុំឆែកកាមេរ៉ាសុវត្ថិភាព អ្នកជិតខាង ឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ឌុបគ្នា មកលួចយកម៉ូតូរបស់គាត់ទៅបាត់ ។
លុះស្រាប់តែនៅម៉ោង២ និង ២០ នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលខ្លាំង ដោយប្រជាពលរដ្ឋនាំគ្នាព័ទ្ធស្ទាក់ចាប់បានជនសង្ស័យម្នាក់ ដែលជិះម៉ូតូរបស់ជនរងគ្រោះខាងលើ ដែលជនសង្ស័យលួចបាន យកមកឆក់ទូរសព្ទដៃរបស់ជនបរទេសម្នាក់ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយត្រូវប្រជាពលរដ្ឋ វាយទ្រមខ្លួន រហូតដល់សន្លប់ ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរ ដើម្បីចាត់ការតាមច្បាប់តែម្តង ៕ អែល មេសា