រាជធានីភ្នំពេញ ៖ សាហាវណាស់ ក្មេងស្ទាវមួយក្រុម ជិះម៉ូតូជិត១០គ្រឿង ដេញកាប់យុវជន៣នាក់ បណ្តាលឲ្យរងរបួស ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះព្យាបាល ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្លូវទំនប់៧០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្អូនជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើត គេបានឃើញយុវជន៣នាក់ ជិះម៉ូតូឌ្រីមសេ ១២៥ មួយគ្រឿង ដែលពាក់ស្លាកលេខ ព្រៃវែង 1D 5255 ជិះឌុបគ្នាមកពីវត្តបុទុមវត្តី ទៅផ្ទះវិញ មកដល់ផ្លូវទំនប់៧០ ក៏លេចមុខក្មេងស្ទាវមួយក្រុម ជិះម៉ូតូជិត១០គ្រឿង ដេញកាប់យុវជន៣នាក់ បណ្ដាលឲ្យរងរបួសទាំង៣នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។
ភ្លាមនោះ នារីម្នាក់ បានជិះមកសួរថា មានរឿងអីបង ហើយក៏រត់ទៅមើលម៉ូតូ ដូចជាប្រហែល និងបានសុំរូបបងប្អូនប្រជាពលរដ្ឋមើល ស្រាប់តែតក់ស្លុតតែម្តង ព្រោះឃើញរូបសង្សាររបស់ខ្លួន ត្រូវបានគេកាប់រងរបួសធ្ងន់ និងបានសួរនាំ គេយកសង្សារគាត់ទៅពេទ្យណា ជួយប្រាប់ផង។
នារីសង្សារបន្តទៀតថា សង្សារគាត់ ទើបមកពីវត្តបុទុមវត្តីមុននឹង ហើយជូនពួកម៉ាកទៅផ្ទះវិញ ហើយនារីខាងលើ ក៏ប្រញាប់រត់ឡើងម៉ូតូ ជិះទៅមន្ទីរពេទ្យ ដើម្បីទៅរកមើលសង្សាររបស់គាត់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់ បានសាកសួរបងប្អូនប្រជាពលរដ្ឋ ហើយក៏លើកម៉ូតូរបស់ជនរងគ្រោះ និងដាវកែច្នៃមួយដើម យកទៅរក្សាទុក ដើម្បីរង់ចាំបងប្អូន ក្រុមគ្រួសារ មកដាក់ពាក្យបណ្ដឹងនៅព្រឹកនេះ បន្ត ដើម្បីសមត្ថកិច្ចបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ៕ Mrr Ka