រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យឆេះសម្ភារៈផ្ទះបាយអស់មួយចំនួន ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៥ និង៤៥នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទ្រុងមាន់ ក្រុមទី០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ៖ ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៤ម៉ែត្រ គុណ ១៧ម៉ែត្រ) បានឆេះសម្ភារៈផ្ទះបាយអស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង៦ និង១៥នាទីយប់ ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ រីឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕