រាជធានីភ្នំពេញ៖ កម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ប៉ុនប៉ងលួច ខណៈក្រុមជនសង្ស័យនេះ កន្លងមកធ្លាប់ធ្វើសកម្មភាព លួច គាស់ផ្ទះ កាច់កម៉ូតូ យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។
កងរាជអាវុធហត្ថខណ្ឌដង្កោ បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញ អាវុធហត្ថខណ្ឌដង្កោ បានទទួលពាក្យបណ្តឹង និង ទទួលជនសង្ស័យម្នាក់ ពីឈ្មោះ ឈុម ចន្ធលក្ខណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរនិស្សិត ទីលំនៅ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជនសង្ស័យខាងលើមានឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាដក ។
ក្រោយពីកម្លាំងជំនាញធ្វើវិធានការជំនាញលើជនសង្ស័យ បានសារភាពថាកន្លងមកក្រុមខ្លួនបានធ្វើសកម្មភាពលួច គាស់ផ្ទះ កាច់កម៉ូតូ យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។ រហូតដល់ម៉ោង១០និង៤០នាទី ដោយមានការសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជារបស់លោកមេបញ្ជាការខណ្ឌ សរ សុភ័ណ្ឌ ព្រមទាំងការចង្អុលបង្ហាញពីជនសង្ស័យ ឈ្មោះ ពេជ្រ ណារិទ្ធ កម្លាំងជំនាញបានឈានបន្តទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កាន សុខជាតិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់បឹងតាម៉ាត ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លុះដល់វេលាម៉ោង៦និង៥០នាទី កម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានសហការ ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ កេង ហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រង់ចំណុចធនាគារ ប្រ៊ីដ ផ្លូវ២៨៩ ស្ថិតក្នុងភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបាន ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក Vivo ។
ពេលនោះ ជនសង្ស័យទាំង ៣នាក់ រួមទាំងវុត្ថុតាងបានបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ អែល វិចិត្រ