រាជធានីភ្នំពេញ ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមបកស្រាយបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យកម្លាំងជំនាញស្រាវជ្រាវជុំវិញការបង្ហោះរូបភាពវីដេអូជាសាធារណៈក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្នុងជម្លោះរវាងយុវជន០១ក្រុមជាមួយលោកអធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២៣:៣០នាទី កន្លងទៅនេះ។
បើយោងតាមលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បញ្ជាក់ឱ្យដឹងថា៖ យុវជន០១ក្រុមមានគ្នា០៤នាក់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កោះហៅចូលខ្លួនមកបំភ្លឺជុំវិញការបង្ហោះរូបភាពវីដេអូនិងចោទប្រកាន់ទៅលើលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ថាបានប្រើអំពើហិង្សា និងយកកាំ.ភ្លើ.ង គ.ម្រាម.ពួកគេ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះពៅ ច័ន្ទតារាពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកទាញលាត់អាវយឺតលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ដើម្បីឱ្យបក្ខពួកខ្លួនម្នាក់ឈ្មោះ ពិន ភក្តី ភេទប្រុស អាយុ២១ ឆ្នាំ ថតសកម្មភាពវីដេអូឱ្យឃើញកាំភ្លើងសៀតនឹងចង្កេះ និងបានបង្ហោះវីដេអូនោះជាសាធារណៈ។ ដោយពួកគេបានសារភាពទទួលកំហុសប្រព្រឹត្តខុសទៅលើលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់រូបរាងកាយឯកជន និងយករូបភាពបង្ហោះក្នុងបណ្តាញសង្គមប៉ះពាល់រូបភាពឯកជននឹងបានសរសេរខ្លឹមសារចោទប្រកាន់លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ខុសពីការពិត ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំ។
ពួកគេក៏សុំដកពាក្យបណ្តឹងលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ពីប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ខណ្ឌច្បារអំពៅ ហើយក៏សុំសន្យាថាឈប់ប្រព្រឹត្តកំហុសឆ្គងបែបនេះទៀតហើយ បើសិនថ្ងៃក្រោយពួកគេនៅតែប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់ពួកគេសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។
ជាមួយគ្នានោះ លោកអធិការនគរបាលខណ្ឌច្បារអំពៅ ក៏បានសុំគោលការណ៍ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា៖ លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ក៏ត្រូវបាន ឯកឧត្តមស្នងការ បញ្ជាឱ្យការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស ឱ្យធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងព្រមានលើកទី១ ដើម្បីបញ្ឈប់រាល់សកម្មភាពខុសឆ្គងណាមួយនាំឱ្យប៉ះពាល់កិត្តិយសរបស់នគរបាលជាតិ៕