ជនសង្ស័យម្នាក់ បើកភ្នែកមិនទាន់ ចូលក្នុងផ្ទះជួលគេដើម្បីលួចទ្រព្យសម្បត្តិទាំងព្រឹកព្រលឹម ស៊យក្មួយម្ចាស់ផ្ទះឃើញទាន់ ស្រែកប្រាប់ម្តាយមីង ចាក់សោរហៅសមត្ថកិច្ចចាប់ខ្លួនជាប់!
សន្តិសុខសង្គម
126

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចូលក្នុងផ្ទះជួលរបស់ប្រជាពលរដ្ឋបំណងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច ត្រូវបានក្មួយម្ចាស់ផ្ទះឃើញទាន់ ស្រែកហៅមីងថា មីងៗចោរចូលផ្ទះ រួចម្ចាស់ផ្ទះក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ចុះមកធ្វើការចាប់ឃាត់ខ្លួនតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះលេខ៥៦ ផ្លូវបេតុង ស្ថិតនៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ថាវី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅផ្ទះលេខ៥៦ ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យមានឈ្មោះ តេង ទុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះទុកចោល ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទី ជនរងគ្រោះកំពុងតែគេងនៅក្នុងបន្ទប់ ក្នុងផ្ទះលេខ ៥៦ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ រាជធានីភ្នំពេញ ពេលនោះជនរងគ្រោះបានឮសម្លេងក្មួយស្រីឈ្មោះ មាស ស្រីនាង អាយុ២១ឆ្នាំ បានស្រែកថា «មីងមានចោរចូលផ្ទះៗ» ឮដូចនោះជនរងគ្រោះក៏បានចេញមក ចាក់សោទ្វារផ្ទះ រួចជនរងគ្រោះ ក៏បានដើរមើលក្នុងបរិវេណផ្ទះ ឃើញជនសង្ស័យឈ្មោះ តេង ទុយ ភេទប្រុស អាយុ៣០ឆ្នាំ កំពុងតែឈរនៅមុខបន្ទប់លេខ១២ ជាន់ទី២ ហើយជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឲ្យជួយអន្តរាគមន៍ ។

បន្ទាប់មកសមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមមតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពចូលផ្ទះរបស់ជនរងគ្រោះ ប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។

ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ បញ្ជូនខ្លួនបន្តទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ


Telegram