ស្ត្រីជាជនដៃដល់ ដែលស...ម្លា...ប់គ្រូទាយសន្លឹកបៀរ ប្ល....ន់យកគ្រឿងអលង្កា ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្លា...ប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!
សន្តិសុខសង្គម
175

រាជធានីភ្នំពេញ ៖ស្ត្រីម្នាក់ ជាជនសង្ស័យ ជាជនដៃដល់ ក្នុងករណីឃាតកម្ម សម្លាប់គ្រូទាយសន្លឹកបៀរ ប្លន់យកគ្រឿងអលង្កា ក្នុងផ្ទះសំណាក់ហេងពេជ្រ ខណ្ឌដូនពេញ កាលពីកន្លះខែមុន ហើយត្រូវបាន ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនបាន ដល់ខេត្តពោធិ៍សាត់ រួចបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ពេលនេះ ជនសង្ស័យជាស្ត្រីម្នាក់ បានស្លាប់ហើយ ក្រោយធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯង ក្នុងបន្ទប់ឃុំឃាំង ហើយបានស្លាប់ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

ជុំវិញករណីនេះ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះថា ក្រោយពីសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យខាងលើ ស្ត្រីរូបនេះ បានចងកក្នុងបន្ទប់ឃុំឃាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ទោះបីជាយ៉ាងណាសមត្ថកិច្ចបានព្យាយាមជួយសង្គ្រោះដោយបញ្ជូនជនសង្ស័យខាងលើ ទៅកាន់មន្ទីរពេទ្យដែរ តែជនសង្ស័យបានស្លាប់ទៅហើយ។

សូមរំលឹកផងដែរថា ទីបំផុត កម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការ សហការ បង្ក្រាបបានហើយ ស្ត្រីដែលជាជនដៃដល់ ពាក់ព័ន្ធករណីឃាតកម្ម ប្រើខ្នើយខ្ទប់មាត់ ខ្ទប់ច្រមុះថប់ដង្ហើបសំម្លាប់ ប្លន់យកគ្រឿងអលង្កា ក្នុងផ្ទះសំណាក់ហេងពេជ្រ ខណ្ឌដូនពេញ កាលពីកន្លះខែមុនបានហើយ ។

តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ ដែលក្រុមការងារ TVFB ទទួលបាន បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការបញ្ជាណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយផ្ទាល់ លោក វរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ , លោកវរសេនីយ៍ទោ បាន គឹមឡេង នាយរងការិយាយល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលធានីភ្នំពេញ , លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ និងមានការ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និង នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាបបានជនសង្ស័យម្នាក់ ឈ្មោះ នួន ខេង ភេទស្រី អាយុ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតផ្ទះគ្មានលេខ ភូមិជ្រៃត្នោត ភូមិត្រាំកក់ ខេត្តតាកែវ ដោយចាប់ឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចសួនច្បារមាត់ស្ទឹង ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយពេលនេះ ជនសង្សយ័ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្ឋំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ករណីឃាតកម្ម ប្រើខ្នើយខ្ទប់មាត់ ខ្ទប់ច្រមុះថប់ដង្ហើបសំម្លាប់ ប្លន់យកគ្រឿងអលង្កានេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១២ នៅចំណុចផ្ទះសំណាក់ហេងពេជ្រ ទីតាំងលេខ៣៦ បន្ទប់២០៧ ជាន់ផ្ទាល់ដី ផ្លូវលេខ៨៤ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មធ្យោបាយជិះផាស់ស្អាប់ មួយគ្រឿង។

ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ សុន សុខេន ហៅម៉ែម៉ៅ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរគ្រូទាយសន្លឹកបៀរ នៅផ្សារសាមគ្គី ខណ្ឌទួលគោក ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣៤៩E ផ្លូវលេខ២១៥ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងនោះ សម្ភារ:បាត់បង់រួមមាន៖ ខ្សែដៃមាសទម្ងន់៥ជី , ខ្សែដៃប្លាកទីន១ដំឡឹង, ចិញ្ចៀនប្លាកទីន១វង់ មិនចាំទម្ងន់, ចិញ្ចៀនក្រឡៃ១វង់, ខ្សែក ប្លាកទីនដាំត្បូងបរគ្រប់ពណ៌និងមានបន្ទោងដាំត្បូងពណ៌ស១ខ្សែ មិនចាំទម្ងន់ និងក្រវិលប្លាកទីន១គូរដាំត្បូង ពណ៌ស គ្រីស្តាល់។

មុនថ្ងៃកើតហេតុនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទី ជនរងគ្រោះ បានចេញពីផ្ទះម្នាក់ឯង មកផ្សារសាមគ្គី ដើម្បីប្រកបមុខរបរទាយសន្លឹកបៀរ ពេលនោះក៏មានជនសង្ស័យ ភេទស្រីម្នាក់ ចូលមកឲជនរងគ្រោះទាយសន្លឹកបៀរ បញ្ហាម្ចាស់ដីលក់ដីដាច់ហើយឥឡូវត្រូវបានកុំមីស្យុងបាន ៣ម៉ឺនដុល្លារអាមេរិក។ បន្ទាប់ពីបានទាយរួច ជនសង្ស័យបានហៅជនរងគ្រោះអង្គុយហូបគុយទាវ នៅក្នុងផ្សារសាមគ្គី រហូតដល់ម៉ោងប្រហែល១១ ជនសង្ស័យបានហៅម៉ូតូកង់បីឥណ្ឌា ជិះជាមួយជនរងគ្រោះមកផ្ទះសំណាក់ហេង ពេជ្រ ដើម្បីចែកលុយឲ្យជនរងគ្រោះ ។ ពេលមកដល់ ជនសង្ស័យក៏ជួលបន្ទប់លេខ២០៧ ជាន់ផ្ទាល់ដី ស្នាក់នៅមួយយប់ ជាមួយជនរងគ្រោះ ដោយជនសង្ស័យជាអ្នកចេញថ្លៃបន្ទប់១២ដុល្លារអាមេរិករួចជាស្រេច។ លុះដល់ថ្ងៃកើតហេតុ វេលាម៉ោង១២ ត្រូវផុតកំណត់ការស្នាក់នៅ ហើយម្ចាស់ផ្ទះ សំណាក់ហេង ពេជ្រ ក៏បានប្រើបុគ្គលិកឈ្មោះ សែម សុខអូន ភេទប្រុស អាយុ៣១ឆ្នាំ ឲ្យទៅគោះទ្វារបន្ទប់សួរភ្ញៀវតើស្នាក់នៅបន្ត រឺអត់ បើស្នាក់នៅបន្ត ត្រូវចុះមកបង់ថ្លៃបន្ទប់ ពេលទៅដល់គោះទ្វារបន្ទប់ ស្រែកហៅ ៥ដងមិនឆ្លើយតប ហើយបន្ទប់ជាប់សោរពីខាងក្នុង ដោយមានការសង្ស័យឈ្មោះ សែម សុខអូន ដែលជាបុគ្គលិកផ្ទះសំណាក់ បានយកកូនសោរសាគួរ ទៅចាក់ដើរចូលមើល ស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខលើគ្រែពូកមិនកំរើក និងបានហៅរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត មកដល់គ្រូពេទ្យបានស្ទាបជីបចរគ្មានចលនាដង្ហើម ហើយប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ។

បន្ទាប់មកសមត្ថកិច្ចទទួលបានព័ត៌មាន ក៏ចុះមកដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យសាកសព និងពិនិត្យកាមេរ៉ាសុវត្ថិភាព បានឃើញជនសង្ស័យនិងជនរងគ្រោះចុះពីលើម៉ូតូកង់បីឥណ្ឌាដើរចូលផ្ទះសំណាក់ហេង ពេជ្រទាំង២នាក់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ម៉ោងប្រហែល១១ ដោយជនរងគ្រោះឃើញមានពាក់គ្រឿងអលង្កាជាច្រើន។ ចំណែកជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពសម្លាប់ ប្លន់យកគ្រឿងអលង្កា ពីជនរងគ្រោះអស់ ក៏គេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្តង ៕


Telegram