រាជធានីភ្នំពេញ ៖ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពី លោកអភិបាលខណ្ឌសែនសុខ ក្រុមការងាររដ្ឋបាលខណ្ឌដឹកនាំដោយ លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ចុះប្រមូលជនអនាថា ជនមានពិការភាពដើរសុំលុយនិង អ្នកលក់ផ្លែពុទ្រា នៅតំបន់ស្តុបណតប្រ៊ីត ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន១៤រូប ស្រីចំនួន០៥រូបក្នុងនោះមាន៖
-ជនមានពិការភាព ចំនួន០៥រូបស្រី០១រូប (អាយុពី៣២ឆ្នាំដល់អាយុ៦២ឆ្នាំ) ច្រៀងសុំលុយតាមស្តុប
-កុមារ ចំនួន០៥រូប កុមារីចំនួន០២រូប (អាយុ០២ឆ្នាំ ដល់អាយុ១៣ឆ្នាំ) លក់ផ្លែពុទ្រាតាមស្តុប
-មនុស្សពេញវ័យ និងមានកាយសម្បទាមាំមួន ចំនួន០៤រូប ស្រី០២រូប ដើរលក់ផ្លែពុទ្រាតាមស្តុប។
ចំពោះអ្នកទាំង១៤រូបនោះ រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជូន ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ចំនួន១១រូប (ស្រី ០៤រូប ) ។
ដោយឡែកដោយមានការឯកភាពពីលោក សេង ពុទ្ឋីព្រៈរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំពោៈបុគ្គលចំនួន០៣រូប ស្រី០១រូប ត្រូវបានសង្ស័យញុះញង់ និងជួញដូរពលកម្មលើកុមារ និងជនពិការ បានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីរួមមាន ៖ ឈ្មោះ យិន សុផន ភេទប្រុស អាយុ៦២ឆ្នាំ, ឈ្មោះ សំ សុជុន ភេទប្រុស អាយុ៣៧ឆ្នាំ, និងឈ្មោះ ចេង ឆេងហឿន ភេទស្រី អាយុ៣៧ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕