ស្លាប់ទាំង២នាក់ ម្តាយនិងកូនតូច ខណៈរថយន្តធុនធំ បែកកង់រេទៅបុកម៉ូតូ ខាងកើតសាលាក្រហម
សន្តិសុខសង្គម
131

ខេត្តបន្ទាយមានជ័យ ៖ ២នាក់ម្តាយនិងកូន បានបាត់បង់ជីវិត ដោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំបែកកង់រេទៅបុកម៉ូតូ នៅវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧២-៣៧៣ ក្រៅទីប្រជុំជន លើផ្លូវជាតិលេខ៥ ត្រង់ចំនុចខាងកើតសាលាក្រហម ចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះជាម្តាយឈ្មោះ ភូ ភឿយ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិចាន់គរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាសេ125 ពាក់ផ្លាកលេខ1Z-6300បន្ទាយមានជ័យនិងកូនអ្នករួមដំណើរឈ្មោះ មាស គឹមឡី ភេទប្រុស អាយុ០៦ឆ្នាំ ។

នគរបាលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ០២នាក់ម្តាយនិងកូនបានជិៈម៉ូតូធ្វើដំណើរ ក្នុងទិសដៅពីកើតមកលិចដល់ចំនុចកើតហេតុមានរថយន្តធុនធំសណ្តោងរ៉ឺម៉កពាក់ផ្លាកលេខមុខAT22-3,2019ផ្លាកលេខក្រោយ4A-0322កណ្តាល សម្រាប់ដឹកគ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបានបែកកង់មុខខាងឆ្វេងរេចង្កូតមកឆ្វេងដៃបុកកៀរម៉ូតូបណ្តាលឲ្យស្ត្រីជាម្តាយបានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកកូនប្រុសអាយុ០៦ឆ្នាំស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យ ។​

អ្នកបើកបររថយន្ត(ក្តាប់អត្តសញ្ណាណមិនទាន់បាន)ក្រោយកើតហេតុរត់គេចខ្លួនបាត់ ។

ចំពោះសពជនរងគ្រោះទាំង០២នាក់ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី វត្ថុតាងរថយន្តនិងម៉ូតូនគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅរងចាំធ្វើការដោះស្រាយតាមនិតិវិធី ៕


Telegram