រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ បានផ្ញើរសារមកកាន់គ្រុបទទួលព័ត៌មានរបស់ TVFB បានលើកឡើងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ ចិញ្ចើមផ្លូវ៣ខ្សែ ជុំវិញមន្ទីរពេទ្យកុមារជាតិ ត្រូវបានអាជីវករបង្កើតតូបលក់ដូរ និង ចតម៉ូតូរថយន្តយ៉ាងរំភើយ ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង ជាពិសេសបាត់បង់ចិញ្ចើមផ្លូវ សម្រាប់អ្នកដើរថ្មើរជើង និងបង្កការកកស្ទះចរាចរណ៍ពែលដែលប្រជាពលរដ្ឋឆ្លងកាត់ចំណុចនេះ
ដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយទទួលបានសេចក្តីរាយការណ៍នេះ ក្រុមការងារTVFB បានចុះទីដល់ទីតាំងខាងលើ និង ថតយករូបភាព នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ ដោយឃើញ នៅចំណុចជ្រុងខាងកើត គឺចិញ្ចើមផ្លូវ២៥៣ ចាប់ពីផ្លូវសហព័ន្ធរុស្ស៉ីមានរថយន្ត និងម៉ូតូកង់បីឥណ្ឌាចតបំផ្លាញការ៉ូឡា។ ច្រកចូលខាងកើតមានតូបលក់ដូរជាច្រើន នៅលើចិញ្ចើមផ្លូវតែម្ដង។ ដោយឡែកចំណុចជ្រុងខាងត្បូងមន្ទីរពេទ្យ គឺចិញ្ចើមផ្លូវ១១៨ មានរថយន្តចតនិងម៉ូតូ និងរោងលក់ដូរជាច្រើន ។ ចំណុចខាងលិចគឺនៅលើផ្លូវ២៥៧ ជាកន្លែងចរាចរណ៍បត់ចុះឡើងទៅផ្លូវសហ័ពន្ធរុស្ស៉ី ឧស្សាហ៍បង្កការកកស្ទះ ដោយខាងក្រុមហ៊ុនឯកជន បានយកចិញ្ចើមផ្លូវរបងមន្ទីរពេទ្យអស់ពាក់កណ្តាល ធ្វើជាចំណតម៉ូតូតែម្តង ជាពិសេសពិបាកក្នុងដើរថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំងតែម្តង។
សូមរំលឹកផងដែរ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា ទីតាំងខាងលើក៏ធ្លាប់ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បានផ្ដល់ព័ត៌មានឲ្យកម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួតពិនិត្យជាក់ស្ដែង និង រៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ១១០ ផ្លូវ២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារ ជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ ដែលចត ល្មើសបង្កឲ្យការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុក នៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ជាបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំ នឹងផាក់ពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក និង អប់រំម្ចាស់ទីតាំង លក់ដូរលើចិញ្ចើមផ្លូវលេខ២៥៧ បានចំនួន៨ទីតាំង ដោយបញ្ឈប់ការ លក់ដូរលើទ្រូងផ្លូវដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និង កកស្ទះចរាចរណ៍។
ប៉ុន្តែរហូតមកពេលនេះទីតាំង ជុំវិញមន្ទីរពេទ្យកុមារជាតិ ខាងលើ នៅតែបន្ត យក ចិញ្ចើមផ្លូវ៣ខ្សែ ត្រូវបានអាជីវករបង្កើតតូបលក់ដូរ និង ចតម៉ូតូរថយន្តយ៉ាងរំភើយ ដដែល ប្រៀបដូចវែកចក រសាត់បានមួយភ្លែត ក៏ត្រឡប់មកវិញដដែល ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង ជាពិសេសបាត់បង់ចិញ្ចើមផ្លូវ សម្រាប់អ្នកដើរថ្មើរជើង និងបង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋឆ្លងកាត់ចំណុចនេះ។
ជុំវិញបញ្ហាទាំងអស់នេះ មហាជន បានសូមណូមពរ ដល់លោក ជា ពិសី អភិបាលខណ្ឌទួលគោក សូមជួយចាត់កម្លាំង បន្តរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខាងលើនេះផង ជាពិសេសជុំវិញមន្ទីរពេទ្យកុមារជាតិនេះតែម្តង ៕ អែល មេសា