កំពង់ចាម : រដ្ឋបាលខណ្ឌជលផលសហការជាមួយអាជ្ញាធរដែនដី បានបន្តចុះបង្ក្រាបបទល្មើសនេសាទ រឹបអូស និងបំផ្លាញចោលវត្ថុតាងបានមួយចំនួន ក្នុងភូមិសាស្ត្រ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ ។
លោក អ៊ុក ណារិន នាយខណ្ឌជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការ ជាមួយអាជ្ញាធរស្រុកកោះសូទិន អធិការដ្ឋាននរគបាលស្រុកកោះសូទិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ចំនួន ០២ករណី នៅចំណុចផ្សេងៗគ្នា ស្ថិតនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។
លោកបានបន្តថា ដោយមានការអនុញ្ញាតពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ចំពោះមុខសញ្ញាបទល្មើស ដែលប្រើប្រាស់ឧបករណ៍លូស្បៃមុងចំនួន ០១នាក់ និងចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន ០២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធី នៃច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាង បទល្មើសជលផលនៅនឹងកន្លែងរួមមាន៖
នៅចំណុចស្ពានព្រែកសណ្តាយ ឃុំមហាលាភ ស្រុកកោះសូរទិន ខេត្តកំពង់ចាម ជាប់ព្រុំប្រទល់ភូមិកំពង់បឹង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រឹបអូសបានលូស្បៃមុងចំនួន០៦មាត់ របាំងស្បៃមុងចំនួន១៥៦ម៉ែត្រ បង្គោលចម្រឹងចំនួន៨៥ដើម ចាក់លែងកូនត្រីចម្រុះ៧.៥គីឡូក្រាម។
នៅចំណុចបឹងកំពិត បឹងឈើពុក ភូមិដំណាក់ព្រីងកើត ឃុំមហាលាភស្រុកកោះសូទិន រឹបអូសបានលូស្បៃមុងចំនួន០៨មាត់ របាំងស្បៃមុងចំនួន២៤១ម៉ែត្រ បង្គោលចម្រឹងចំនួន១២២ដើម ចាក់លែងកូនត្រីចម្រុះ១២គីឡូក្រាម ។ ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម