រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបាននគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង សម្អាតប្រាក់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១រសៀល ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះរួមមាន ៖
១- ឈ្មោះ ដេ សំណាង ហៅ យក្ស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរជាងពិដាន មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២- ឈ្មោះ អ៊ឹម វណ្ណេត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះ វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន ៦៣ កញ្ចប់ថង(ធំ០៣កញ្ចប់ថង់,ធំល្មម០១កញ្ចប់ថង់,តូច៥៩កញ្ចប់ថង់) , ជញ្ជីងអេឡិចត្រូណិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,ទុយ៉ូជ័រសម្រាប់ចូកថ្នាំញៀនចំនួន០១កំណាត់,ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ម៉ាក OPPO A3s ពណ៌ក្រហមចំនួន០២ គ្រឿង, ម៉ាក Samsung ពណ៌មាសចំនួន០១គ្រឿង) និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១រសៀល កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ, លោកវរសេនីយ៍ត្រី ទូច សេងហ៊ អធិការរង, លោកអនុសេនីយ៍ឯក ទេព មាស អធិការរង , លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀនបាន បង្ក្រាបជាក់ស្ដែងករណី ជូញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចសមត្ថកិច្ចយើងបានឃើញជនសង្ស័យចំនួន០២ នាក់ កំពុងនៅក្នុងផ្ទះ ស្ថិតនៅភូមិទួលសំបូរខាងលើ ហើយសមត្ថកិច្ច បានឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ថង់ធំនៅក្នុងទូខោអាវ និងកញ្ចប់ធំល្មមចំនួន០១,កញ្ចប់ថងតូចចំនួន៥៩ នៅលើក្បាលដំណេកក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ ដេ សំណាង ហៅ យក្ស ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងឃុំខ្លួនបន្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ