ខេត្តបន្ទាយមានជ័យ ៖ កម្លាំងប្រឆាំងគ្រឿងញៀន សហការពីកម្លាំងស្រុកស្វាយចេក និងស្រុកថ្មពួក ចុះស្រាវជ្រាវនិងបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន និង ប្រើប្រាស់អាវុធខុសច្បាប់ ឃាត់ខ្លួនបាន២នាក់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី ១-ឈ្មោះ អូ ទាវ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិតាអុងកើត ឃុំរលួស ស្រុកស្វាយចេក ត្រួតពិនិត្យឃើញមាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន០១ដើម មានបង់២ និងគ្រាប់ ៤៦គ្រាប់ និង ២-ឈ្មោះ ឡុន សុលី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក។
ដកហូតវត្ថុតាងរួមមាន ៖ -កូនជញ្ជីងចំនួន២, -កាំភ្លើងខ្លីឆ្នៃចំនួន១ -កាំភ្លើងវែងឆ្នៃចំនួន៣ដើម-គ្រាប់កាំភ្លើងអាកា ចំនួន៩គ្រាប់ និងបង់ចំនួន១ -បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន២ -សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, -ដែកកេះច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន២០ ។
ក្រោយសួរនាំ នៅរសៀលរួច នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងជំនាញ បានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕