រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលជាង បានឡើងស្វាន វីសជញ្ជាំង ស្រាប់តែឆ្លងចរន្តពីម៉ូទ័រស្វាន ឆក់ រងរបួសធ្ងន់សន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះមួយកន្លែងនៅតាមបណ្ដោយផ្លូវ កែវ ចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាត រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា បុរសរងគ្រោះ មាន ឈ្មោះ ណាក់ អាយុ៤៣ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តស្វាយរៀង ។
តាមប្រភពពត៌មានពីមេការសំណង់បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ក្រុមជាងទាំងអស់បានបំពេញការងាររៀងៗខ្លួន ហើយជនរងគ្រោះឈ្មោះ ណាក់ បានឡើង អន្ទារកម្ពស់មួយជាន់ដើមស្វានជញ្ជាំង។ ពេលនោះរូបគាត់ជាមេការ ក៏ឡើងទៅជួយ ប៉ុន្តែត្រូវបានជនរងគ្រោះដេញអោយចុះក្រោមវិញ ដោយនិយាយថា ទុកអោយគាត់ធ្វើតែម្នាក់ឯងបានហើយ។
ប្រភពបន្តថា ខណៈដើរចេញបានបន្តិច ក៏លឺសម្លេងជនរងគ្រោះ ស្រែកថា ជួយខ្ញុំផង ពេលក្រឡេកទៅមើល ឃើញជនរងគ្រោះ ដេកផ្ងារកោងដៃ លើដែក អន្ទារ ក៏ស្រែកអោយក្រុមជាងដកខ្សែរភ្លើងចេញ និង លើកជនរងគ្រោះចុះមកក្រោម ធ្វើចលនាបេះដូង និង ទាក់ទងហៅរថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត្រ មកដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗផងដែរ ៕ អែល មេសា