(បាងកក)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣បានឲ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ កងកម្លាំងប៉ូលីសថៃ បានចុះឆែកឆេរគេហដ្ឋានរបស់ អគ្គស្នងការរងនគរបាលជាតិថៃមួយរូប ក្នុងប្រតិបត្តិការឆែកឆេរទ្រង់ទ្រាយធំ ជុំវិញករណីបណ្តាញល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។
គេហដ្ឋានរបស់នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆេត ហាក់ផាន (Surachate Hakparn) អគ្គស្នងការរងនគរបាលជាតិនៃប្រទេសថៃ ដែលស្ថិតនៅចំកណ្តាលរាជធានីបាងកក គឺជាទីតាំងមួយក្នុងចំណោមទីតាំងសរុបប្រមាណ៣០កន្លែង ក្នុងខេត្ត-ក្រុងចំនួន ០៦ ដែលត្រូវបានចុះឆែកឆែរក្នុងប្រតិបត្តិការខាងលើ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងការស៊ើបអង្កេតទៅលើគេហទំព័រល្បែងស៊ីសងមួយដែលមានឈ្មោះថាថា «Betflix» ព្រមជាមួយគេហទំព័រពាក់ព័ន្ធចំនួន ១២ផ្សេងទៀត។
លោក ស៊ូរ៉ាឆេត (Hakparn) បាននិយាយថា ប្រតិបត្តិការឆែកឆេរបានបញ្ចប់ទៅ ដោយពុំមានរកឃើញវត្ថុឬរឿងខុសច្បាប់អ្វីឡើយ ហើយលោកបានអះអាងថា រូបលោកមិនមានទំនាក់ទំនងជាមួយបណ្តាញល្បែងស៊ីសងអនឡាញណាមួយនោះទេ។ យ៉ាងណាមិញ មន្រ្តីប៉ូលិសចំនួន ០៧នាក់ ដែលធ្វើការនៅក្រោមការគ្រប់គ្រងរបស់លោក ស៊ូរ៉ាឆេត (Surachat) ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរចម្លើយ។ ជាមួយគ្នានេះ លោក ស៊ូរ៉ាឆេត (Surachat) បានបន្តថា ការចុះឆែកឆេរផ្ទះរបស់លោក គឺជាសកម្មភាពមិនប្រក្រតីមួយ ហើយលោកបាននិយាយថា វាហាក់ដូចមានការប៉ុនប៉ងដេញជើងគ្នាផ្ទៃក្នុងនៅក្នុងជួរប៉ូលីសថៃ។
គួរបញ្ជាក់ថា ប្រតិបត្តិការខាងលើ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលការជ្រើសរើសអគ្គស្នងការនគរបាលជាតិថ្មីរបស់ថៃ ខណៈលោក ស៊ូរ៉ាឆេត ត្រូវគេសង្ស័យអាចជាបេក្ខជនដែលត្រូវឡើងកាន់តំណែងបន្ត បើទោះបីលោកបានប្រកែកថា មិនយ៉ាងដូច្នោះក៏ដោយ។ លោក ស៊ូរ៉ាឆេត (Surachat) ស្ថិតក្នុងចំណោមអគ្គស្នងការរងចំនួន ០៤រូប ដែលសុទ្ធតែមានលទ្ធភាពក្លាយជាអគ្គស្នងការនគរបាលជាតិថ្មីនៃប្រទេសថៃ បន្ទាប់ពីនាយឧត្តមសេនីយ៍ ដាមរ៉ុងសាក់ គីតទីប្រាផាស់ (Damrongsak Kittiprapas) ដែលជាអគ្គស្នងការនគរបាលជាតិក្នុងពេលបច្ចុប្បន្ន ត្រូវចូលនិវត្តនៅចុងខែកញ្ញានេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានជុំវិញប្រតិបត្តិការចុះឆែកឆេរខាងលើ អគ្គស្នងការនគរបាលជាតិថៃ នាយឧត្តមសេនីយ៍ ដាមរ៉ុងសាក់ គីតទីប្រាផាស់ (Damrongsak Kittiprapas) បាននិយាយថា ក្រុមប៉ូលីសដែលដឹកនាំដោយក្រុម Police Cyber Task Force បានចុះឆែកឆេរផ្ទះចំនួន ០៦ខ្នង ដែលជាកម្មសិទ្ធិរបស់នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆេត ហាក់ផាន (Surachate Hakparn) និងទីតាំងផ្សេងទៀតក្នុងខេត្តចំនួន ០៦ ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងជនសង្ស័យក្នុងករណីល្បែងស៊ីសងតាមអនឡាញចំនួន ២៣ នាក់ ដែលក្នុងនោះមានមន្ត្រីប៉ូលីសចំនួន ០៨នាក់ផងដែរ។
នៅពេលត្រូវបានសាកសួរថាតើមន្រ្តីប៉ូលីសដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស៊ូរ៉ាឆេត (Surachat) ដែលត្រូវឃាត់ខ្លួននោះ ពិតជាមានជាប់ពាក់ព័ន្ធនឹងករណីខាងលើដែរឫយ៉ាងណានោះ នាយឧត្តមសេនីយ៍ ដាមរ៉ុងសាក់ គីតទីប្រាផាស់ (Damrongsak Kittiprapas) បានបញ្ជាក់ថា លោកមិនបានឮពីការជាប់ពាក់ព័ន្ធណាមួយនៅឡើយទេ។
យ៉ាងណាមិញ លោក ដាមរ៉ុងសាក់ គីតទីប្រាផាស់ (Damrongsak Kittiprapas) បាននិយាយថា លោកបានឮថា លោក ស៊ូរ៉ាឆេត (Surachat) អាចជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងទំនាក់ទំនងជាមួយជនសង្ស័យជាស្ត្រីជួញដូរគ្រឿងញៀនឈ្មោះ “Minnie”។ ទោះជាយ៉ាងណាក្តី លោកមិនបានបញ្ជាក់លម្អិតអំពីរឿងនេះនោះទេ។
លោក ដាមរ៉ុងសាក់ គីតទីប្រាផាស់ (Damrongsak Kittiprapas) បានបដិសេធមិនឆ្លើយនឹងសំណួរអ្នកយកព័ត៌មានដែលសួរលោកថា តើលោកនឹងកោះហៅ ស៊ូរ៉ាឆេត (Surachat) មកសួរចម្លើយដែរឫយ៉ាងណា។
ក្រៅពីនេះ នៅពេលត្រូវបានគេសួរថា តើលោក ស៊ូរ៉ាឆេត (Surachat) នឹងត្រូវផ្លាស់ទៅកាន់តំណែងផ្សេងដែរឬអត់នោះ លោក ដាមរ៉ុងសាក់ គីតទីប្រាផាស់ (Damrongsak Kittiprapas) បានឆ្លើយដោយបញ្ជាក់ថា៖ «មិនទាន់មានទេ។ ការស៊ើបអង្កេតត្រូវតែធ្វើឡើងជាមុនសិន»៕