រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក ALPHART បុករបាំងថ្ម ចែកទ្រូងផ្លូវ បាក់អស់មួយកង់ ខ្ទេចរថយន្តមួយចំហៀងខាងមុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅមុខក្រសួងមហាផ្ទៃ តាមបណ្តោយព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបម៉ាកALPHART ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BY- 6802 បើកបរដោយជនជាតិចិន ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្ម ចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់មួយកង់ ខ្ទាតមកកណ្តាលផ្លូវ។ ចំណែករថយន្ត រងការខូចខាតផ្នែកខាងមុខខ្ទេច តែសំណាងមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ស្ទូចរថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕ Mrr Ka