ជនសង្ស័យ២នាក់ជាមុខសញ្ញាចាស់គាស់ផ្ទះយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ និងកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ឃាត់ខ្លួនបាន
សន្តិសុខសង្គម
316

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ជាមុខសញ្ញាចាស់គាស់ផ្ទះយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ឃាត់ខ្លួនបាន នៅទៀបភ្លឺ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១២និង ២០នាទី យប់ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំនុចផ្ទះលេខ២២០ ផ្លូវ៣៧BT ក្រុម៦ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នាក់ ទី១ឈ្មោះ សួស រ៉ាវីត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ , ទី២ឈ្មោះ តូ សុខហេង ហៅសុខ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួនមានផ្ទុកសារធាតុញៀនដូចគ្នា​។ចំណែកបក្ខពួកឈ្មោះ ញ៉ា កែន ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ រត់គេចខ្លួនបាត់ ។

រីឯជនរងគ្រោះឈ្មោះ កុល រតនា ភេទប្រុស​អាយុ៣៦ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅផ្ទះកើតហេតុខាងលើ ។ ក្នុងនោះសម្ភារៈបាត់បង់រួមមាន ម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ រ4570ភព១ , ឡេបថបម៉ាក Dell ចំនួន​១គ្រឿង , ម៉ាស៊ីនអាំងសាច់មួយគ្រឿង និងសម្ភារៈមួយចំនួនទៀត ។

មុនពេលកើតហេតុ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩យប់ ជនរងគ្រោះបានចាក់សោរទ្វារផ្ទះ ដោយគ្មានអ្នកណានៅនោះទេ ។ លុះនៅថ្ងៃទី១៦ ខែកញ្ញា វេលាម៉ោង ៥ទៀបភ្លឺ ជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញ ឃើញទ្វាររបើកសោររបង និងចូលទៅមើលក្នុងផ្ទះ បាត់ម៉ូតូ១គ្រឿង ឡេបថប ម៉ាស៊ីនអាំងសាច់ និងសម្ភារៈមួយចំនួនទៀត ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងទំពុនទី១ ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ក៏ចុះពិនិត្យនិងឆែកមើលកាមេរ៉ាសុវត្ថិភាព ។ លុះនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១និង៣០នាទី នគរបាលប៉ុស្តិ៍បឹងទំពុនទី១ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ធ្វើការល្បាត បានប្រទះឃើញជនសង្ស័យឈ្មោះ​តូ សុខហេង ហៅសុខ កំពុងអង្គុយក្នុងរោងស្នាក់នៅ នៅមាត់អូរ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរ និងបន្តល្បាត ដល់ចំណុចផ្លូវលេខ ៨៥BT ភូមិចំរើនផល២ សង្កាត់បឹងទំពុនទី១ ក៏ប្រទះឃើញជនសង្ស័យម្នាក់ទៀតឈ្មោះ សួស រ៉ាវីត កំពុងដើរតាមផ្លូវក៏ឃាត់ខ្លួនយកមកសាកសួរ ដោយជនសង្ស័យទាំង២នាក់ឆ្លើយថា ពិតបានឆ្កឹះសោរទ្វាររបងផ្ទះរបស់ជនរងគ្រោះចូលលួចម៉ូតូ និងទ្រព្យសម្បត្តិពិតមែន ។

ពេលនេះជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពុនទី១ បញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការច្បាប់បន្តទៀត ៕ អែល វិចិត្រ


Telegram