ចុម! ធ្លាប់លួច១៤ដង ក្នុងក្រុងសំរោង លើកចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច!
សន្តិសុខសង្គម
157

ខេត្តឧត្តរមានជ័យ​៖ យោងតាមផេក អធិការដ្ឋាននគរបាល ក្រុងសំរោង បានឲ្យដឹងថា ក្រោយពេលលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងជំនាញ និងអធិការដ្ឋានក្រុង/ស្រុក ចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រជុំត្រួតពិនិត្យ និងជម្រុញគាំទ្រការអនុវត្តការងារនគរបាល និងសហគមន៍ ក្នុងគោលបំណងរួមគ្នាបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងសហគមន៍ និងសំដៅធានាបាននូវ ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព!។

ជាក់ស្តែង នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៩៖០០នាទី កម្លាំងប្រជាការពារភូមិអូរឫស្សី សង្កាត់កូនគ្រៀល ក្រុងសំរោង បានចេញល្បាត ហើយបានប្រទះឃើញមុខសញ្ញាលួចម៉ូតូ ១នាក់ ឈ្មោះ យឿត ប៊ុនណេត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ជាមុខសញ្ញាសកម្មក្នុងអំពើលួច) រួមជាមួយវត្ថុតាងម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ មានលេខតួ+លេខម៉ាសុីន 8524996 ពាក់ផ្លាក់លេខ ឧត្តរមានជ័យ 1B-0237 ជាកម្មសិទ្ធិរបស់ឈ្មោះ ផាន សាអែម ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានបាត់ កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤៖០០នាទី ខណៈដែលបានចតទុកនៅរោងបាយខាងក្រោយផ្ទះ។ បន្ទាប់មកកម្លាំងប្រជាការពារភូមិ បានរាយការណ៍ជូនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកូនគ្រៀល ឲ្យចុះជួយអន្តរាគមន៍ភា្លមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីសាកសួរតាមនីតិវិធី។

ឆ្លងតាមកំណត់ហេតុស្តាប់ចម្លើយ ជនសង្ស័យខាងលើបានបានសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ឈ្មោះ ផាន សាអែម ប្រាកដមែន។ នៅពេលធ្វើសកម្មភាពបានសម្រចហើយ រូបគេបានជិះម៉ូតូខាងលើ ទៅលាក់ខ្លួននៅផ្ទះរបស់ឈ្មោះ ពេជ្រ ឈើន ភេទប្រុស រស់នៅភូមិអូរឬស្សី សង្កាត់កូនក្រៀល ក្រុងសំរោង ដែលត្រូវជាបងប្អូនជីដូនមួយ ។ លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១:០០នាទី រូបខ្លួន និងឈ្មោះ ពេជ្រ ឈើន បាននាំគ្នាជិះម៉ូតូដែលខ្លួនទើបលួចបាន ទៅទិញគ្រឿងញៀននៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង យកត្រឡប់មកជក់នៅផ្ទះវិញ នៅពេលជក់រួច រូបខ្លួនជាមួយឈ្មោះ ពេជ្រ ឈើន បាននាំគ្នាឡើងទៅអូស្មាច់ ចូលកន្លែងម៉ាស្សា រួចនាំគ្នាត្រឡប់មកផ្ទះវិញ ចៃដន្យពេលនោះត្រូវកម្លាំងប្រជាការពារភូមិប្រទះឃើញ ហើយរាយការណ៍សមត្ថកិច្ច។

មិនត្រឹមតែប៉ុណ្ណោះ ជនសង្ស័យខាងលើ បានសារភាពថា៖ កន្លងមករូបគេធ្លាប់បានធ្វើសកម្មភាពលួចលុយ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងសំរោង បានសរុបចំនួន ១៤លើក (ដែលក្នុងនោះ លួចបានសម្រេច ចំនួន ៧ លើក និង លួចមិនបានសម្រេច ចំនួន ៧ លើក)។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលក្រុងសំរោង និងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ចំពោះម៉ូតូបានប្រគល់ជូនម្ចាស់ដើមយកទៅប្រើប្រាស់វិញ៕


Telegram