រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន សុងការណ៍ បុករថយន្ត Pajeroចំចំហៀង ក្រឡាប់សង្កត់លើម៉ូតូ Today អូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់របួ..សធ្ង..ន់!
សន្តិសុខសង្គម
211

រាជធានីភ្នំពេញ ៖បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន សុងការណ៍ មួយគ្រឿង បើកបរមិនប្រុងប្រយត្ន័ បុករថយន្ត Pajero មួយគ្រឿងចំចំហៀង បណ្ដាលឲ្យក្រឡាប់សង្កត់លើម៉ូតូ Today មួយគ្រឿងកំពុងចត នៅកែងស្តុបអូសជាច្រើនម៉ែត្រ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២និង២៥ នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុបបំបែកជាបួន តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១០៨ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត Pajero មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AM-4491 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៨ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួន កន្លែងកើតហេតុខាងលើ ក៏មានរថយន្តមន្ទីរពេទ្យឯកជន សុងការណ៍ មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 2A-8564 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្ត Pajero ពីចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឲ្យរថយន្ត Pajero ក្រឡាប់លើម៉ូតូ Today មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1A-7241 កំពុងចតនៅលើចិញ្ចើមផ្លូវកែងភ្លើងស្តុបអូសជាច្រើនម៉ែត្របណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តមន្ទីរឯកជនមួយគ្រឿងទៀត ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្តសង្គ្រោះនោះ បានព្យាយាមបិទឡូហ្កូឈ្មោះរបស់ខ្លួន កុំឲ្យឃើញ ។ 

បើតាមប្រភពព័ត៌មានពីភាគីខាងរថយន្តសាមុយ បានបញ្ជាក់ថា  ខាងឡានសាម៉ុយបើកត្រឹមត្រូវតាមភ្លើងសញ្ញាចរាចរណ៍ តែឡានភាគីម្ខាងទៀត បើកបំពានភ្លើងស្តុប ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់បាននាំអ្នកបើកបរភាគីទាំងសងខាង ទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំបន្តនិងវាស់វែងយលរថយន្ត និងម៉ូតូខាងលើ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ នុច


Telegram