ខេត្តឧត្តរមានជ័យ៖ បុរសមានជាប្តី ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ធ្វើការចាប់ឃាត់ខ្លួន ក្រោយវាយទៅលើប្រពន្ធរហូតស្លាប់ភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ ៩ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីដែលវាយប្រពន្ធ រហូតស្លាប់នេះ មានឈ្មោះ ញ៉ែម សារុំ អាយុ ៧១ឆ្នាំ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ យឿន សៅ អាយុ ៦០ឆ្នាំ មានទីលំនៅភូមិកើតហេតុលើ ហើយមុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធ បានប្រើប្តីឱ្យទៅផ្សារទិញម្ហូប ទៅបាត់ជាង១ម៉ោង លុះពេលប្តីត្រឡប់មកវិញបែរជាឃើញស្រវឹងស្រា ប្រពន្ធក៏សួរនាំ ទើបក៏កើតជាជម្លោះពាក្យសម្ដី រហូតប្តីប្រើអំពើហិង្សា វាយទៅលើប្រពន្ធ រហូតស្លាប់ភ្លាមៗតែម្តង ។
ភ្លាមៗ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ កម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងចុះដល់ទីកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យស្រាវជ្រាវ និងឃាត់ជនសង្ស័យខាងលើ យកទៅកាន់ប៉ុស្តិ៍អូស្មាច់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជូនខ្លួនបន្តទៅកាន់ សាលាដំបូងខេត្តចាត់ការតាមច្បាប់បន្តទៀត ៕ នុច