រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោមការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត នៅទីតាំងចំនួន៤ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ មៀច ឈួនស៊ីម៉ូលីន នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថាក្នុងប្រតិបត្តិការបង្រ្កាបនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ០៥នាក់ ក្នុងនោះស្រី ម្នាក់ រួមមាន ឈ្មោះ ជ័យ ឆៃយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ, ឈ្មោះ ចាន់ លីម៉ឹង ហៅ វីត ភេទប្រុស អាយុ ៣៤ឆ្នាំ, ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ៤០ឆ្នាំ, ឈ្មោះ អ៊ុក សំអន ហៅ យ៉ាំង ភេទប្រុស អាយុ៣៨ឆ្នាំ, និងឈ្មោះ វ៉ាន់ រ៉ាឌី ភេទប្រុស អាយុ៣៦ឆ្នាំ។
សមត្ថកិច្ចបានចាប់បាន និងដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនម្សៅកញ្ចប់ ប្រភេទ MDMA សរុបចំនួន ៨៩កញ្ចប់ ទំងន់ ៩៣៥ក្រាម។ ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន និងសារធាតុផ្សំ សរុបទំងន់ ២២គីឡូក្រាម។
សមត្ថកិច្ចបានបញ្ចាក់ថាគោលដៅទាំងដែលសមត្ថកិច្ចបានបង្រ្កាបនោះរួមមាន៖
គោលដៅទី១៖ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតបាន ថ្នាំញៀនរូបផ្លែឈើចំនួន ២០កញ្ចប់ ។
គោលដៅទី២៖ នៅចំណុចផ្ទះលេខ៧៩ ផ្លូវ០៤បេ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៦៦កញ្ចប់។
គោលដៅទី៣៖ នៅចំណុចបន្ទប់ជួល ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមនឹងថ្នាំញៀន ចំនួន០៣កញ្ចប់ និងសារធាតុផ្សំទំងន់ ៥គីឡូក្រាម ។
គោលដៅទី៤៖ នៅចំណុចបន្ទប់ជួល ផ្លូវ៣៥៥ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ដែលក្រុមបក្ខពួកជនសង្ស័យជួលសម្រាប់ទុកកែច្នៃផលិតគ្រឿងញៀន ដោយដកហូតវត្ថុតាង ឧបករណ៍កែច្នៃមួយចំនួន និងសារធាតុផ្សំទំងន់១៧គីឡូក្រាម ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕