រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី ហិង្សា(ឆក់យកទូរស័ព្ទមិនបានសម្រេច) និងកាន់កាប់អាវុធដោយខុសច្បាប់ (ប្រើកាំភ្លើងខ្លីប្រើហ្គាស) ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ ធ្វើការចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចខាងមុខផ្ទះលេខ៣៥៩ ផ្លូវ៨៧BT ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង បូផា ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥D ផ្លូវ២៦BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យចំនួន០២នាក់រួមមាន ៖
ទី១-ឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)
ទី២-ឈ្មោះ កង សុភាព ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ក្នុងនោះ សម្ភារៈចាប់យករួមមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកMio ពណ៌ខៀវ ផ្លាកលេខភ្នំពេញ១IM_៧១១៦ និង កាំភ្លើងខ្លីប្រើហ្គាសចំនួន០១ដើម ម៉ាកGLock ពណ៌ខ្មៅ បង់ចំនួន០១ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២ និង៣០នាទីរំលងអាធ្រាត្រ ជនរងគ្រោះ បានជិះចេញម៉ូតូចំនួន០១គ្រឿងចេញពីកោះពេជ្រ ដោយប្តីរបស់ជនរងគ្រោះឈ្មោះ ម៉ម ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកឌុប ដើម្បីជិះត្រឡប់ទៅផ្ទះនៅសង្កាត់បឹងទំពន់ទី២ នៅពេលដែលជនរងគ្រោះ និងប្តីជិះម៉ូតូមកដល់ចំណុច កើតហេតុ ជនរងគ្រោះបានខឹងប្តីរួចចុះពីលើម៉ូតូដើរ ដោយមានកាន់ទូរស័ព្ទដៃចំនួន០១គ្រឿង ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ដោយឈ្មោះ ចានពិសិដ្ឋ ជាអ្នកជិះម៉ូតូចំនួន០១គ្រឿង ម៉ាកMio ពណ៌ខៀវ ផ្លាកលេខភ្នំពេញ ១IM_៧១១៦ ឌុបជនសង្ស័យឈ្មោះកង សុភាព មកក្បែរជនរងគ្រោះបម្រុងឆក់យកទូរស័ព្ទដៃ ភ្លាមនោះប្តីរបស់ជនរងគ្រោះបានឃើញទាន់ ក៏ជិះម៉ូតូទៅស្ទាក់ពីមុខម៉ូតូរបស់ជនសង្ស័យទាំង០២នាក់ខាងលើ បន្ទាប់មកជនសង្ស័យឈ្មោះ ចាន់ពិសិដ្ឋ បានដកកាំភ្លើងខ្លីចំនួន០១ដើម(ប្រើហ្គាស)ចេញពីឃ្លុបម៉ូតូផ្នែកខាងមុខ អាមេ ភ្ជង់ទៅលើជនរងគ្រោះ និងប្តី ប៉ុន្តែកាំភ្លើងបានគាំង ទើបជនសង្ស័យទាំង២នាក់ខាងលើបានបន្ថែមល្បឿនម៉ូតូជិះគេចខ្លួន រួចប្តីរបស់ជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យ និងបានស្រែកឆោឡោ ឮដល់សមត្ថកិច្ចដែលល្បាតនៅជិតនោះជួយដេញតាមឃាត់បានជនសង្ស័យទាំង០២នាក់ខាងលើ រួមទាំងវត្ថុតាងនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ។
ពេលនេះជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពុនទី២ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ