ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានធ្វើការចុះបង្ក្រាបចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់របស់តុលាការ ខណៈជនសង្ស័យខាងលើ បានរត់គេចខ្លួន សម្ងំក្នុងទឹក ក្នុងគុម្ពព្រៃ តែត្រូវសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបានដដែល នៅចំនុច ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមរបាយការពីសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ ជាការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ដោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១និង៥០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានសហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុកកៀនស្វាយ
បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល ចំនួន០២ ៖
១/ ចេញដោយលោកអាត ចន្ទ័ដារា ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តណ្តាល លេខ៧០២ /២០ ចុះថ្ងៃទី១០.០៩. ២០២០
២/ចេញដោយលោក គឹម រត្ន័ណារិន ចៅក្រមជំនុំជម្រះនៃសាលាដំបូង ខេត្តណ្តាល លេខ៨៩៨ ចុះថ្ងៃទី២៤.១១. ២០២០
ដែលបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ លន សុចិត្ត ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលត្រូវដាក់អោយស្ថិតនៅក្រោមការពិនិត្យ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)
កាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២០ នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ពេលនេះជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ៕ អែល វិចិត្រ