អាជ្ញាធរ ប្រកាសឲ្យពលរដ្ឋប្រុងប្រយត្ន័ ខណៈភ្លៀងធ្លាក់ខ្លាំង ជនលិចស្រុកវាលវែង និងស្រុកភ្នំក្រវាញ រយៈពេល ១២ម៉ោងទៀត ទឹកនឹងជំរុញមកដល់ស្រុកកណ្ដៀង បណ្ដាលឱ្យទឹកស្ទឹងហក់ឡើងខ្ពស់ ឈានទៅដល់ប្រកាសអាសន្ន
ខេត្តពោធិ៍សាត់ ៖ យោងតាមផេក រដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រដ្ឋបាលស្រុកកណ្ដៀង សូមគោរពជម្រាបជូន លោកយាយលោកតា ពុក ម៉ែ បង ប្អូន និងសាធារណៈជនទូទៅនៅក្នុងមូលដ្ឋានស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មេត្តាជ្រាបថា ដោយយោងតាមស្ថានភាពជាក់ស្ដែងពិនិត្យឃើញថាមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែខាងលើពិសេសស្រុកវាលវែង បណ្ដាលឱ្យកើតជាទឹកជំនន់ជនលិចខ្លាំង រហូតមកដល់ពេលនេះទឹកជំនន់បានជំរុញមកដល់ស្រុកភ្នំក្រវាញហើយ និងរយៈពេល ១២ម៉ោងទៀត ទឹកនឹងជំរុញមកដល់ស្រុកកណ្ដៀង បណ្ដាលឱ្យទឹកស្ទឹងហក់ឡើងខ្ពស់ ឈានទៅដល់ប្រកាសអាសន្ន។
អាស្រ័យហេតុនេះ សូមលោកយាយ លោកតា ពុក ម៉ែ បង ប្អូន និងសាធារណៈជនទូទៅ ពិសេសគ្រួសារប្រជាពលរដ្ឋដែលមានខ្នងផ្ទះរស់នៅតាមមាត់ស្ទឹង សូមមេត្តាប្រុងប្រយ័ត្នត្រៀមបង្ការទុកជាមុនឱ្យបានខ្ពស់ជៀសវាងមានបញ្ហា និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ៕