រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់អង្គភាពការពារកុមារ CPU បានឲ្យដឹងថា ជនជាតិស្វ៊ីសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន កុមារ៣នាក់ ត្រូវបានសង្គ្រោះពីគ្រោះថ្នាក់ ក្រុមការងារចម្រុះ FOXTROT23 បានធ្វើការតាមដាន និងស៊ើបអង្កេតអស់រយៈពេល២ខែ ទៅលើករណីបៀតបៀនផ្លូវភេទលើកុមារ ក្នុងរាជធានីភ្នំពេញ។
តួយ៉ាងនៅ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កុមារចំនួន ៣នាក់ត្រូវបានសង្គ្រោះពីស្ថានភាពគ្រោះថ្នាក់ ហើយបុរសជនជាតិស្វ៊ីសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់មានការឃ្លាំមើល និងស៊ើបអង្កេតអស់រយៈពេល ២ខែទៅលើករណីបៀតបៀនផ្លូវភេទលើកុមារ។
ក្រុមការងារចម្រុះ FOXTROT23 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពការពារកុមារ (CPU) ដើម្បីដំណើរការស៊ើបអង្កេតទៅលើសេចក្តីរាយការណ៍អំពីអំពើបៀតបៀនផ្លូវភេទលើកុមារ និងការផលិតរូបភាព និងវីឌីអូអាសអាភាពលើកុមារ។
ករណីនេះគឺស្ថិតក្នុងចំណោមករណីដែលធំបំផុតសម្រាប់អង្គភាពការពារកុមារ (CPU) ក្នុងរយៈពេល ១០ឆ្នាំនៃកិច្ចប្រតិបត្តិការ។ ក្នុងនោះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា កម្លាំងជំនាញបានអនុវត្តដីកាឆែកឆេរទីលំនៅផ្សេងគ្នាមួយចំនួន និងបានរកឃើញនូវភស្តុតាងជាច្រើនរួមមាន ទូរស័ព្ទដៃ, កាមេរ៉ា, កុំព្យូទ័រយួរដៃ, ភ្លើងបញ្ចាំងធុនធ្ងន់, ទឹករំអឹល និងសារធាតុបំប៉នកម្លាំង។
"ភស្តុតាងដែលត្រូវបានរកឃើញគឺគួរអោយបារម្ភ ហើយបង្ហាញថាជនសង្ស័យមានការពាក់ព័ន្ធនឹងសកម្មភាពថត ផលិតរូបភាព និងវីឌីអូអាសអាភាសលើកុមារ។ អំពើផលិត និងចែកចាយរូបភាព និងវីឌីអូអាសអាភាសលើកុមារ គឺជាបទល្មើសមួយដ៏គួរអោយស្អប់ខ្ពើម និងមានផលប៉ះពាល់យ៉ាងខ្លាំងទូទាំងពិភពលោក និងក្នុងដំបន់" លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើង។
"ក្នុងរយៈពេល ១០ឆ្នាំនៃកិច្ចប្រតិបត្តិការរបស់យើង នេះគឺជាលើកទី១ ដែលអង្គភាពការពារកុមារ (CPU) ជួបប្រទះជាមួយការរៀបចំដោយមានជំនាញបែបនេះ ពីជនសង្ស័យ។ ភាពជោគជ័យក្នុងកិច្ចប្រតិបត្តិការនេះ គឺគួរអោយកោតសរសើរយ៉ាងខ្លាំងដល់មន្ត្រីនគរបាលជាតិកម្ពុជា ដែលបានឆ្លើយតបដោយសមស្រប និងទាន់ពេលវេលា ដើម្បីបង្ការបទល្មើសនេះអោយបន្ត និងសង្គ្រោះកុមារដែលពាក់ព័ន្ធ។
លោក James McCabe ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះការដឹកនាំក្នុងកិច្ចប្រតិបត្តិការស៊ើបអង្កេតមួយនេះ"
ការស៊ើបអង្កេតក៏កំពុងតែបន្ត ដើម្បីកំណត់ស្ថានទម្ងន់ពាក់ព័ន្ធនឹងបទល្មើសដែលបានប្រព្រឹត្ត។
នគរបាលសហព័ន្ធស្វ៊ីស ក៏បានចូលរួមសហការជាមួយក្រុមការងារចម្រុះ និងបន្តផ្តល់ជាការជ្រោមជ្រែងក្នុងការស៊ើបអង្កេតនេះផងដែរ។
"លោក James McCabe ចង់បញ្ជាក់អោយបានច្បាស់ដល់មហាជនថា ការស៊ើបអង្កេតនេះនឹងបន្តរហូតដល់ដំណាក់កាលដែលយើងបានកំណត់មុខសញ្ញាបុគ្គលដែលពាក់ព័ន្ធគ្រប់ទាំងអស់។ ក្រុមការងារចម្រុះកំពុងតែប្រើប្រាស់ជំនាញ និងសេវាកម្មបន្ថែមរបស់ស្ថាប័ន្នអនុវត្តច្បាប់អន្តរជាតិ ដែលជាដៃគូ ហើយCPU នឹងមិនឈប់តាមដានឡើយ រហូតដល់បុគ្គលពាក់ព័ន្ធគ្រប់គ្នាត្រូវបានកំណត់អត្តសញ្ញាណ មិនថាគេកំពុងនៅក្នុងប្រទេសណាឡើយ ៕