ខេត្តកណ្តាល ៖ ដោយអនុវត្តន៍តាមបទបញ្ជារដ៏មុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយកម្លាំងជំនាញក្រុងស្រាវជ្រាវតាមចាប់ជនបង្ករដែលបំផ្លិចបំផ្លាញ ខ្នោះចាក់កង់ឡានរបស់អធិការដ្ឋានក្រុងតាខ្មៅ ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
ជាក់ស្តែងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងផ្នែកយុត្តិធម៍បានឃាត់ខ្លួនជនបង្ករបានម្នាក់ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀនខេត្តកណ្តាល។
ជនសង្ស័យ០២នាក់នោះរួមមាន៖
១-ឈ្មោះ សេន ហ្វាហ្វី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ(ឃាត់ខ្លួន)។
២-ឈ្មោះ សុះ ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ(គេចខ្លួន)។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ មានរថយន្តមួយម៉ាក Visto ពណ៍ក្រហម យកមកចតនៅកន្លែងដែលបានហាមចត ឃើញដូចនេះកម្លាំងផ្នែកសណ្តាប់បានយកខ្នោះទៅចាក់កង់ ដើម្បីរង់ចាំម្ចាស់មកដើម្បីណែនាំ ក្រោយមកជនសង្ស័យមកដល់កន្លែងចតរថយន្តក៏បានឃើញរថយន្តខ្លួនជាប់ខ្នោះក៏បានយកដែកមកគាស់ខ្នាស់ធ្វើអោយខូចខ្នោះទាំងស្រុង រួចក៏បានជិះរថយន្តចេញទៅបាត់ទៅ ។
បន្ទាប់ពីធ្វើការស្រាវជ្រាវគឺកម្លាំងយើងកំណត់អត្តសញ្ញាណជនបង្កបាន លុះដល់ល្ងាចថ្ងៃ ខែ ឆ្នាំ ដដែល ក៏បានឃាត់ខ្លួនបុរសម្នាក់មកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ ៕